ដើមសេដា​នៅ​រដ្ឋអាឡាស្កា បាន​យោល​យោក​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​សារ​កម្លាំង​ខ្យល់​ខ្លាំង ក្នុង​ពេល​មាន​ព្យុះ។ អ្នក​ស្រី​រេជី(Regie) ស្រឡាញ់​ដើម​សេដា​មួយ​ដើម​នោះណាស់ ដោយសារ​វា​មិន​គ្រាន់​តែ​បាន​ផ្តល់​ម្លប់ ក្នុង​រដូវ​ក្តៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជួយ​ឲ្យ​ក្រុម​គ្រួសារ​នាង​អាច​រស់​នៅ​ដាច់​ពី​គេ​ផង​ដែរ។ នៅ​ថ្ងៃ​នោះ​ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ កំពុង​តែ​រំលើង​ឫសរបស់​វា។ អ្នក​ស្រី​រេជី និង​កូន​ប្រុស​របស់​គាត់​អាយុ​១៥​ឆ្នាំ ក៏​បាន​រត់​ទៅ​ជួយ​សង្រ្គោះ​វា។ អ្នក​ទាំង​ពីរ​ក៏​បាន​យក​ឈើ​ទល់​វា កុំឲ្យ​ដួល ប៉ុន្តែ ពួក​គេ​មិន​មាន​ភាព​រឹង​មាំ​ល្មម​នឹង​អាច​ជួយ​វា​បាន​ទេ។​​

ព្រះ​អម្ចាស់ គឺ​ជា​កម្លាំង​របស់​ស្តេច​ដាវីឌ ពេល​ដែល​ស្តេច​អង្គ​នេះ​ស្រែក​អំពាវ​រក​ព្រះ​អង្គ នៅ​ក្នុង​ខ្យល់​ព្យុះ​មួយ​ប្រភេទ​ទៀត(ទំនុកដំកើង ២៨:៨)។ ទ្រង់​ប្រហែល​ជា​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក្នុង​អំឡុង​ពេល​ដែល​ជីវិត​ទ្រង់​មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង។ បុត្រា​ទ្រង់​បាន​បះ​បោរ​នឹង​ទ្រង់ ដើម្បី​ដណ្តើម​រាជ្យ​(២សាំយ៉ូអែល ១៥)។ កាល​នោះ ​ទ្រង់​មាន​អារម្មណ៍​ថា ងាយនឹង​រង​គ្រោះ ហើយ​ខ្សោយ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ភ័យ​ខ្លាច​ព្រះ​អម្ចាស់​នៅ​តែ​ស្ងាត់​ស្ងៀម ហើយ​ទ្រង់​ក៏​ខ្លាច​សេចក្តី​ស្លាប់​(ទំនុកដំកើង ២៨:១)។

ទ្រង់​ក៏​បាន​ទូល​ដល់​ព្រះ​ថា “សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូលអង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់”(ខ.២)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​កម្លាំង​ដល់​ស្តេច​ដាវីឌ ដើម្បី​ឲ្យ​ទ្រង់​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ទោះ​ការ​បាក់​បែក​រវាង​ទ្រង់ និង​បុត្រា​ទ្រង់​មិន​បាន​ផ្សៈ​ផ្សា​ក៏​ដោយ។​

យើង​ពិត​ជា​ចង់​ការពារ​មិន​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង! ប៉ុន្តែ​ ជា​ញឹក​ញាប់ យើង​មិន​អាច​ធ្វើ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​សេចក្តី​កម្សោយ​របស់​យើង ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា យើង​អាច​អំពាវ​នាវ​រក​ព្រះ​អង្គ សូម​ព្រះ​អង្គ​ធ្វើ​ជា​ថ្ម​ដា​របស់​យើង បាន​គ្រប់​ពេល​វេលា​(ខ.១-២)។ ពេល​ណា​យើង​គ្មាន​កម្លាំង​ នោះ​ព្រះ​អង្គ​ធ្វើ​ជា​អ្នក​គង្វាល​របស់​យើង ហើយ​នឹង​បី​យើងជា​រៀង​រហូត(ខ.៨-៩)។-Anne Cetas