ដើមសេដានៅរដ្ឋអាឡាស្កា បានយោលយោកពីម្ខាងទៅម្ខាង ដោយសារកម្លាំងខ្យល់ខ្លាំង ក្នុងពេលមានព្យុះ។ អ្នកស្រីរេជី(Regie) ស្រឡាញ់ដើមសេដាមួយដើមនោះណាស់ ដោយសារវាមិនគ្រាន់តែបានផ្តល់ម្លប់ ក្នុងរដូវក្តៅប៉ុណ្ណោះទេ តែថែមទាំងបានជួយឲ្យក្រុមគ្រួសារនាងអាចរស់នៅដាច់ពីគេផងដែរ។ នៅថ្ងៃនោះ ខ្យល់ព្យុះដ៏កាចសាហាវ កំពុងតែរំលើងឫសរបស់វា។ អ្នកស្រីរេជី និងកូនប្រុសរបស់គាត់អាយុ១៥ឆ្នាំ ក៏បានរត់ទៅជួយសង្រ្គោះវា។ អ្នកទាំងពីរក៏បានយកឈើទល់វា កុំឲ្យដួល ប៉ុន្តែ ពួកគេមិនមានភាពរឹងមាំល្មមនឹងអាចជួយវាបានទេ។
ព្រះអម្ចាស់ គឺជាកម្លាំងរបស់ស្តេចដាវីឌ ពេលដែលស្តេចអង្គនេះស្រែកអំពាវរកព្រះអង្គ នៅក្នុងខ្យល់ព្យុះមួយប្រភេទទៀត(ទំនុកដំកើង ២៨:៨)។ ទ្រង់ប្រហែលជាបាននិពន្ធបទគម្ពីរទំនុកដំកើងនេះ ក្នុងអំឡុងពេលដែលជីវិតទ្រង់មានការធ្លាក់ចុះយ៉ាងខ្លាំង។ បុត្រាទ្រង់បានបះបោរនឹងទ្រង់ ដើម្បីដណ្តើមរាជ្យ(២សាំយ៉ូអែល ១៥)។ កាលនោះ ទ្រង់មានអារម្មណ៍ថា ងាយនឹងរងគ្រោះ ហើយខ្សោយយ៉ាងខ្លាំង បានជាទ្រង់ភ័យខ្លាចព្រះអម្ចាស់នៅតែស្ងាត់ស្ងៀម ហើយទ្រង់ក៏ខ្លាចសេចក្តីស្លាប់(ទំនុកដំកើង ២៨:១)។
ទ្រង់ក៏បានទូលដល់ព្រះថា “សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់”(ខ.២)។ ព្រះទ្រង់ក៏បានប្រទានកម្លាំងដល់ស្តេចដាវីឌ ដើម្បីឲ្យទ្រង់អាចបន្តដំណើរទៅមុខទៀត ទោះការបាក់បែករវាងទ្រង់ និងបុត្រាទ្រង់មិនបានផ្សៈផ្សាក៏ដោយ។
យើងពិតជាចង់ការពារមិនឲ្យមានរឿងអាក្រក់កើតឡើង! ប៉ុន្តែ ជាញឹកញាប់ យើងមិនអាចធ្វើបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្តីកម្សោយរបស់យើង ព្រះទ្រង់ក៏បានសន្យាថា យើងអាចអំពាវនាវរកព្រះអង្គ សូមព្រះអង្គធ្វើជាថ្មដារបស់យើង បានគ្រប់ពេលវេលា(ខ.១-២)។ ពេលណាយើងគ្មានកម្លាំង នោះព្រះអង្គធ្វើជាអ្នកគង្វាលរបស់យើង ហើយនឹងបីយើងជារៀងរហូត(ខ.៨-៩)។-Anne Cetas