ពីរបីឆ្នាំមុន គ្រូពេទ្យបាននិយាយអំពីបញ្ហាសុខភាពរបស់ខ្ញុំ យ៉ាងម៉ឺងម៉ាត់។ ខ្ញុំក៏បានចងចំាពាក្យសម្តីរបស់គាត់ ហើយក៏បានចាប់ផ្តើមទៅកន្លែងហាត់ប្រាណ ហើយផ្លាស់ប្តូររបបអាហាររបស់ខ្ញុំ។ មួយរយៈក្រោយមក ជាតិខ្លាញ់របស់ខ្ញុំបានថយចុះ ហើយខ្ញុំក៏ស្រកទម្ងន់ ហើយមានជំនឿចិត្តកាន់តែខ្លាំង។ ប៉ុន្តែ បន្ទាប់មក មានរឿងដែលមិនសូវល្អកើតឡើង ដោយខ្ញុំចាប់ផ្តើមកត់សម្គាល់ អំពីរបបអាហាររបស់អ្នកដទៃ ហើយក៏បានចាប់ផ្តើមវិនិច្ឆ័យពួកគេ។ តើវាមិនគួរឲ្យអស់សំណើចទេឬ នៅពេលដែលយើងរកឃើញប្រព័ន្ធនៃការដាក់ពិន្ទុ ហើយក៏បានប្រើវា ដើម្បីលើកដំកើងខ្លួនឯង ហើយបន្ទាបអ្នកដទៃ។ មនុស្សយើងហាក់ដូចជាមានសភាវគតិ ដែលចូលចិត្តបង្កើតស្តង់ដារដោយខ្លួនឯង ដើម្បីកាត់សេចក្តីថា ខ្លួនឯងជាមនុស្សត្រឹមត្រូវ។
សាវ័កប៉ុលបានដាស់តឿនពួកជំនុំនៅក្រុងភីលីព មិនឲ្យប្រព្រឹត្តយ៉ាងដូចនេះឡើយ។ អ្នកខ្លះបានទុកចិត្តលើការប្រព្រឹត្តល្អតាមសាសនា ឬប្រពៃណីវប្បធម៌ ហើយសាវ័កប៉ុលក៏បានប្រាប់ពួកគេថា បើត្រូវអួត នោះគាត់មានហេតុផលដែលត្រូវអួតច្រើនជាងពួកគេទៅទៀត។ គាត់ថា “បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត”(៣:៤)។ តែគាត់ដឹងថា សាវតា និងការប្រព្រឹត្តល្អរបស់គាត់ គឺសុទ្ធតែជា “សំរាម” បើធៀបនឹង “ការស្គាល់ព្រះគ្រីស្ទ”(ខ.៨)។ មានតែព្រះយេស៊ូវទេ ដែលស្រឡាញ់យើង ដោយមិនប្រកាន់ថា យើងជានរណា ហើយក៏បានសង្រ្គោះ និងប្រទានយើង នូវអំណាច ដើម្បីផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែល្អដូចព្រះអង្គ។ យើងមិនពឹងអាងកម្លាំងខ្លួនឯង ឬខំសន្សំពិន្ទុដែលគ្មានប្រយោជន៍ទៀតឡើយ។
អំណួតគឺជាអំពើបាប តែការអួត ដោយផ្អែកទៅលើការមានទំនុកចិត្តខុស នឹងនាំមកនូវរឿងដ៏សោកសៅ។ ដំណឹងល្អបានត្រាស់ហៅយើង ឲ្យងាកចេញពីការមានទំនុកចិត្តខុស ហើយបែរមករកការប្រកប ជាមួយព្រះអង្គសង្រ្គោះ ដែលស្រឡាញ់យើង និងលះបង់អង្គទ្រង់ ដើម្បីយើង។-Glenn Packiam