កាលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើង ក្នុងឆ្នាំ១៩១៤ រដ្ឋបុរសនៃចក្រភពអង់គ្លេស លោក អេដវើត ក្រេយ(Edward Grey) បានប្រកាស់ថា “ចង្កៀងបានរលត់ នៅទូទាំងទ្វីបអឺរ៉ុប យើងនឹងមិនបានឃើញចង្កៀងទំាងនោះឆេះឡើងវិញ ក្នុងមួយជីវិតយើងឡើយ”។ លោកក្រេយពិតជានិយាយត្រូវ។ ពេលដែលសង្រ្គាមចប់ មនុស្សប្រហែល២០លាននាក់បានស្លាប់បាត់បង់ជីវិត(១០លាននាក់ ជាជនស៊ីវិល) ហើយមនុស្ស២១លាននាក់ទៀតរងរបួស។
ពេលខ្លះរឿងដ៏តក់ស្លត់ក៏អាចកើតមានឡើង ក្នុងជីវិតយើងផ្ទាល់ផងដែរ ទោះមិនធំ ឬធ្ងន់ធ្ងរដូចសង្រ្គាមលោកក៏ដោយ។ ផ្ទះ កន្លែងធ្វើការ ព្រះវិហារ ឬតំបន់ដែលយើងរស់នៅ ក៏អាចត្រូវបានគ្របដណ្តប់ ទៅចំណុចដ៏គួរឲ្យភ័យខ្លាចនៃជម្លោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់បានត្រាស់ហៅយើង ឲ្យនាំមកនូវការផ្លាស់ប្តូរ ក្នុងលោកិយនេះ។ ប៉ុន្តែ យើងត្រូវពឹងផ្អែកទៅលើប្រាជ្ញារបស់ព្រះអង្គ។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង ១៨ រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង”(យ៉ាកុប ៣:១៧-១៨)។
តួនាទីរបស់អ្នកផ្សះផ្សាគឺសំខាន់ណាស់ បើសិនជាយើងគិតដល់លទ្ធផលនៃការផ្សះផ្សា។ ពាក្យសេចក្តីសុចរិត គឺមានន័យថា “ភាពត្រូវ ជាមួយព្រះ” ឬ “មានទំនាក់ទំនងដែលត្រឹមត្រូវ”។ អ្នកផ្សះផ្សាអាចជួយស្អាង ទំនាក់ទំនង ឡើងវិញ។ ហេតុនេះហើយបានជាព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ”(ម៉ាថាយ ៥:៩)។
កូនរបស់ព្រះអង្គ ដែលពឹងផ្អែកលើប្រាជ្ញារបស់ព្រះអង្គ នឹងក្លាយជាឧបករណ៍នៃសន្តិភាពរបស់ព្រះអង្គ នៅកន្លែងណាដែលគេត្រូវការសន្តិភាពបំផុត។-Bill Crowder