តើអ្នកដឹងទេថា សត្វមាន់ទើគីព្រៃ ចូលចិត្តចេញរកស៊ីជាហ្វូង? ហេតុអ្វីបានជាពេលនេះ ខ្ញុំចង់លើកយកសត្វមាន់ទើគី មកនិយាយ? ព្រោះខ្ញុំទើបតែវិលត្រឡប់មកពីការសម្រាកលំហែរកាយ នៅក្នុងខ្ទមឈើ នៅជើងភ្នំ នៅថ្ងៃចុងសប្តាហ៍។ កាលខ្ញុំនៅទីនោះ ខ្ញុំមានការស្ញប់ស្ញែង ចំពោះសត្វមាន់ទើគីមួយហ្វូងដើរបន្តកន្ទុយគ្នា ដូចរទេះភ្លើង កាត់ពីមុខផ្ទះរបស់យើង រៀងរាល់ថ្ងៃ។
ខ្ញុំមិនដែលអង្គុយមើលសត្វមាន់ទើគី ពីមុនមកទេ។ ពួកវាបានកកាយដី ដោយគ្មានមេត្តា ដោយក្រញាំជើង ដែលគួរឲ្យចាប់អារម្មណ៍។ បន្ទាប់មក ពួកវាក៏បានចឹកចំណីនៅលើដី។(ដោយសារ នេះជាលើកទីមួយ ដែលខ្ញុំបានសង្កេតមើលពួកវា នោះខ្ញុំមិនដឹងច្បាស់១រយភាគរយថា វាកំពុងតែចឹកអ្វីទេ)។ ដើមគុម្ពោតព្រៃដែលដុះ ក្នុងតំបន់នោះ ហាក់ដូចជាមិនគួរឲ្យចាប់អារម្មណ៍ទេ តែសត្វមាន់ទើគីទាំងអស់នោះ គឺប្រហែលជាង១០ក្បាល សុទ្ធតែថ្លោសៗគួរឲ្យទាក់ទាញណាស់។
ការទស្សនាសត្វទើគី ដែលមានចំណីស៊ីគ្រប់គ្រាន់ ធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ៦:២៦ ដែលបានចែងថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី”។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានមានបន្ទូលអំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់សត្វចាបដែលគេមិនឲ្យតម្លៃ ដើម្បីរំឭកយើងថា ព្រះអង្គក៏យកព្រះទ័យទុកដាក់ចំពោះយើងផងដែរ។ បើសត្វចាបនោះមានតម្លៃ តើជីវិតរបស់យើងមានតម្លៃលើសពួកវា ជាងអម្បាលម្មានទៅ? បន្ទាប់មក ព្រះយេស៊ូវក៏បានមានបន្ទូលប្រៀបធៀប អំពីការព្រួយបារម្ភអំពីតម្រូវការប្រចាំថ្ងៃរបស់យើង(ខ.២៧-៣១) ជាមួយនឹងជីវិត ដែលយើងត្រូវ “ស្វែងរកនគរ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុន”(ខ.២៧-៣១) ដែលក្នុងជីវិតនោះ យើងទុកចិត្តលើការផ្គត់ផ្គង់ជាបរិបូររបស់ព្រះអង្គ។ ដោយសារព្រះអង្គយកព្រះទ័យទុកដាក់ចំពោះសត្វចាប ឬសត្វមាន់ទើគីនោះ ព្រះអង្គអាចថែរក្សាខ្ញុំ និងអ្នក យ៉ាងពិតប្រាកដ។-Adam R. Holz