ខ្ញុំ និងម្តាយខ្ញុំនៅក្បែរគ្រែរបស់ឪពុកខ្ញុំ ជាមួយបងប្អូនស្រីរបស់ខ្ញុំ ខណៈពេលដែលដង្ហើមគាត់ កាន់តែខ្សោយទៅៗ រហូតដល់ពេលដែលគាត់ផុតដង្ហើម។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ ឪពុកខ្ញុំចូលដល់អាយុ៨៩ឆ្នាំហើយ តែគាត់បានលាចាកលោកយ៉ាងស្ងាត់ស្ងៀម ចូលទៅរស់នៅក្នុងជីវិត នៅស្ថានសួគ៌ ដែលព្រះទ្រង់បានរង់ចាំគាត់។ ការចាកចេញរបស់គាត់ បានបន្សល់ទុកនូវចន្លោះប្រហោង ដែលគាត់ធ្លាប់នៅ ហើយនៅសល់តែអនុស្សាវរីយ៍ និងការនឹកចាំអំពីគាត់។ តែយើងមានសង្ឃឹមថា ថ្ងៃណាមួយ យើងនឹងបានជួបជុំគ្នាឡើងវិញ។
យើងមានសង្ឃឹមដូចនេះ ព្រោះយើងជឿថា ប៉ាបានទៅនៅជាមួយព្រះ ដែលស្គាល់ និងស្រឡាញ់គាត់។ ពេលដែលគាត់ដកដង្ហើមចុងក្រោយ គឺព្រះអង្គជាអ្នកប្រទានដង្ហើមនោះដល់គាត់ តាំងពីដំបូងមក(អេសាយ ៤២:៥)។
ប៉ុន្តែ មុនពេលគាត់ដលកដង្ហើមដំបូង នៅពេលចាប់កំណើត និងមុនពេលដែលគាត់ផុតដង្ហើម ព្រះទ្រង់បានធ្វើការយ៉ាងជិតស្និទ្ធ នៅក្នុងភាពលម្អិតនៃជីវិតរបស់គាត់ គឺដូចដែលព្រះអង្គធ្វើការក្នុងជីវិតយើងរាល់គ្នាផងដែរ។ ព្រះអង្គជាអ្នករចនា និងផ្សំអវយវៈគាត់ចូលគ្នា នៅក្នុងផ្ទៃម្តាយគាត់(ទំនុកដំកើង ១៣៩:១៣-១៤)។ ហើយនៅពេលដែលប៉ាដកដង្ហើមជាលើកចុងក្រោយ ព្រះវិញ្ញាណព្រះគង់នៅក្បែរគាត់ ឱបគាត់ដោយក្តីស្រឡាញ់ ហើយបីគាត់ទៅនៅជាមួយព្រះអង្គ(ខ.៧-១០)។
រឿងពិតនេះកើតឡើង ក្នុងជីវិតកូនរបស់ព្រះគ្រប់គ្នា។ ព្រះអង្គជ្រាបអំពីពេលនីមួយៗ ក្នុងជីវិតដ៏ខ្លីរបស់យើង នៅលើផែនដីនេះ(ខ.១-៤)។ យើងមានតម្លៃដ៏វិសេសចំពោះព្រះអង្គ។ ចូរយើងចូលរួមជាមួយ “ជីវិតទាំងអស់ដែលមានដង្ហើម” ដើម្បីសរសើរព្រះអង្គ ក្នុងថ្ងៃនីមួយៗ ដែលយើងនៅសល់ ហើយក្នុងពេលដែលយើងរំពឹងដល់ថ្ងៃដែលយើងនឹងបានទៅនៅជាមួយព្រះអង្គ។ ចូរយើងសរសើរព្រះអម្ចាស់!(១៥០:៦)។-Alyson Kieda