មានពេលមួយខ្ញុំបានទៅកន្លែងស្នាក់នៅ សម្រាប់ជនអនាថា ក្នុងតំបន់ ជាមួយយុវជនមួយក្រុម។ ពេលយើងចូលទៅក្នុង យើងសម្លឹងមើលស្បែកជើងមួយគំនរ ដែលគេបានបរិច្ចាក។ លោកនាយកនៅកន្លែងនោះបានអញ្ជើញក្រុមយុវជនយើង ឲ្យជួយតម្រៀបស្បែកជើងទាំងនោះឲ្យត្រូវគូ។ យើងក៏បានចំណាយពេលពេញមួយព្រឹក ដើម្បីស្វែងរកគូដែលត្រូវគ្នា ហើយតម្រៀបពួកវាជាជួរ នៅលើកម្រាលឥដ្ឋ។ នៅពេលល្ងាចមកដល់ យើងក៏បានបោះចោលស្បែកជើងជាងពាក់កណ្តាល ដោយសារពួកវាមានការខូចខាតខ្លាំងពេក មិនអាចឲ្យគេប្រើប្រាស់កើត។ កន្លែងស្នាក់នៅនោះ មិនអាចរារាំងគេ មិនឲ្យបរិច្ចាករបស់របរដែលមិនអាចប្រើប្រាស់កើតបានឡើយ ប៉ុន្តែ ពួកគេអាចបដិសេធមិនព្រមចែកស្បែកជើង ដែលមិនល្អ ដល់អ្នកទាល់ក្រ។
ពួកអ៊ីស្រាអែលក៏ធ្លាប់មានបញ្ហា នៅក្នុងការថ្វាយដង្វាយដែលមានការខូចខាតដល់ព្រះផងដែរ។ ពេលដែលព្រះអង្គមានបន្ទូលតាមរយៈហោរាម៉ាឡាគី ព្រះអង្គបានស្តីបន្ទោសពួកអ៊ីស្រាអែល ដែលបានយកសត្វដែលខ្វាក់ ពិការ ឬមានជម្ងឺ មកថ្វាយព្រះអង្គ នៅពេលដែលពួកគេមានសត្វដែលមានសុខភាពរឹងមាំ សម្រាប់ថ្វាយ(ម៉ាឡាគី ១:៦-៨)។ ព្រះអង្គក៏បានប្រកាស់ថា ព្រះអង្គមិនសព្វព្រះទ័យ(ខ.១០) ហើយក៏បានបញ្ជាក់អំពីភាពសក្តិសមរបស់ព្រះអង្គ និងស្តីបន្ទោសពួកអ៊ីស្រាអែល ដែលរក្សាទុករបស់ល្អបំផុត សម្រាប់ខ្លួនឯង(ខ.១៤)។ ប៉ុន្តែ ព្រះទ្រង់ក៏បានសន្យាថា នឹងចាត់ព្រះមែស៊ីឲ្យយាងមក ដែលសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ និងកែប្រែ ហើយបញ្ឆេះចិត្តពួកគេ ឲ្យនាំដង្វាយដែលព្រះអង្គសព្វព្រះទ័យ(៣:១-៤)។
ពេលខ្លះ យើងអាចជួបការល្បួង ដែលនាំឲ្យយើងចង់ថ្វាយរបស់ដែលសល់ ដល់ព្រះ។ យើងសរសើរដំកើងព្រះអង្គ ហើយរំពឹងថា ព្រះអង្គនឹងប្រទានអ្វីៗគ្រប់យ៉ាងមកយើង តែយើងបែរជាថ្វាយសំណល់របស់យើង ដល់ព្រះអង្គ។ ពេលណាយើងបានពិចារណា អំពីការអ្វីដែលព្រះទ្រង់បានធ្វើ យើងអាចអរសប្បាយ ដោយអបអរភាពសក្តិសមរបស់ព្រះអង្គ ហើយថ្វាយរបស់ល្អបំផុតដល់ព្រះអង្គ។-Xochitl Dixon