ថ្មីៗនេះ ឡានរបស់ខ្ញុំត្រូវការជួសជុល។ មានយានដ្ឋានជួសជុលរថយន្តមួយ ស្ថិតនៅចម្ងាយប្រហែល១,៦ គីឡូម៉ែត្រពីផ្ទះខ្ញុំ តែយានដ្ឋាននោះមិនបានបើកទ្វារទេថ្ងៃនោះ។ ដូចនេះ ខ្ញុំត្រូវសម្រេចចិត្តដើរទៅផ្ទះ។ ប៉ុន្តែ ពេលដែលខ្ញុំកំពុងតែដើរនៅលើចិញ្ចើមថ្នល់ដែលមានចរាចរណ៍ដ៏មមាញឹក ខ្ញុំសង្កេតឃើញថាម្នាក់ៗបានធ្វើដំណើរលឿនៗណាស់។
គ្មានអ្វីចម្លែកទេ។ ឡានតែងតែធ្វើដំណើរលឿនជាងអ្នកថ្មើរជើងអញ្ចឹងឯង។ ខណៈពេលដែលខ្ញុំកំពុងតែដើរទៅផ្ទះ តាមសម្រួល ខ្ញុំក៏បានគិតឃើញថា សព្វថ្ងៃនេះ យើងមានទម្លាប់ធ្វើដំណើរលឿនៗ ស្ទើរតែគ្រប់ពេលទៅហើយ។ ហើយខ្ញុំក៏បានគិតឃើញថា ជាញឹកញាប់ ខ្ញុំរំពឹងចង់ឲ្យព្រះទ្រង់ធ្វើការលឿន សម្រាប់ខ្ញុំ។ និយាយរួម ខ្ញុំចង់ឲ្យផែនការរបស់ព្រះអង្គ មានដំណើរឆាប់រហ័ស ដូចកាលវិភាគរបស់ខ្ញុំផងដែរ។
មុនពេលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ពេលខ្លះព្រះអង្គមានដំណើរយឺត ដែលធ្វើឲ្យមិត្តសំឡាញ់ទ្រង់ខ្លះមានការខកចិត្ត។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១១ នាងម៉ារា និងម៉ាថា បានឲ្យគេទៅទូលព្រះអង្គថា លោកឡាសា កំពុងមានជំងឺ។ ពួកគេដឹងថា ព្រះយេស៊ូវអាចជួយគាត់(ខ.១-៣)។ ប៉ុន្តែ បួនថ្ងៃក្រោយមក ព្រះអង្គក៏បានយាងមកដល់(ខ.១៧) គឺបន្ទាប់ពីលោកឡាសាស្លាប់។ នាងម៉ាថា ក៏បានទូលព្រះយេស៊ូវថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ពួកគេមានការខកចិត្ត ព្រោះព្រះអង្គមិនបានប្រញាប់យាងមក តាមការរំពឹងគិតរបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គមានផែនការធំជាងការរំពឹងគិតរបស់ពួកគេ គឺផែនការប្រោសលោកឡាសា ឲ្យរស់ពីស្លាប់ឡើងវិញ(ខ.៣៨-៤៤)។
តើអ្នកធ្លាប់មានអារម្មណ៍ដូចនាងម៉ាថាទេ? ជួនកាល ខ្ញុំចង់ឲ្យព្រះយេស៊ូវឆាប់ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ។ ជួនកាល យើងគិតថា ព្រះអង្គហាក់ដូចជាយឺតយ៉ាវ ប៉ុន្តែ ផែនការ និងកាលវិភាគរបស់ព្រះអង្គ ខុសពីផែនការ និងកាលវិភាគរបស់យើង។ ព្រះអង្គសម្រេចព្រះរាជកិច្ចនៃការជួយសង្រ្គោះរបស់ព្រះអង្គ តាមកាលវិភាគរបស់ព្រះអង្គ គឺមិនមែនតាមកាលវិភាគរបស់យើងទេ។ ហើយលទ្ធផលដែលសម្រេចបាន គឺបានបង្ហាញសិរីល្អ និងសេចក្តីល្អរបស់ព្រះអង្គ តាមរបៀប ដែលធំប្រសើរលើសផែនការរបស់យើង។—Adam R. Holz