ឌីឡាន មែកខូយ(Dylan McCoy) ជាក្មេងអាយុ៣ឆ្នាំ ដែលទើបតែចេះរៀនហែលទឹក ពេលដែលគាត់ធ្លាក់ចូលទៅក្នុងអណ្តូងទឹក នៅក្រោយផ្ទះជីតារបស់គាត់ ដែលមានជម្រៅ១២ម៉ែត្រ ដែលមានជញ្ជាំងធ្វើពីថ្ម និងមានគំរបធ្វើពីឈើកុងផ្លាកេ ដែលពុកផុយ។ ឌីឡានបានធ្វើឲ្យខ្លួនគាត់អណ្តែតទឹក ដែលមានជម្រៅបីម៉ែត្រ រហូតដល់ពេលដែលឪពុករបស់គាត់បានចុះមកជួយសង្រ្គោះគាត់។ ក្រុមអ្នកពន្លត់អគ្គីភ័យក៏បានទម្លាក់ខ្សែពួរ ដើម្បីយោងក្មេងប្រុសម្នាក់នេះឡើងមកលើ ប៉ុន្តែ ឪពុកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់កូនគាត់ បានជាគាត់សុខចិត្តចុះក្នុងអណ្តូងតាមថ្មដែលរអិល ដោយខ្លួនឯង ដើម្បីធានាសុវត្ថិភាពកូនគាត់។
នេះជាសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលឪពុកម្តាយមានចំពោះកូន។ ទោះនៅឆ្ងាយ(និងជ្រៅ) យ៉ាងណាក៏ដោយ ក៏យើងហ៊ានទៅ ដើម្បីជួយកូនរបស់យើង!
សាវ័កយ៉ូហានសរសេរសំបុត្រផ្ញើទៅពួកជំនុំដំបូង ដែលកំពុងជួបការលំបាក នៅក្នុងការឈរឲ្យមាំមួន ខណៈពេលដែលសេចក្តីបង្រៀនខុសឆ្គងកំពុងតែនាំពួកគេឲ្យវង្វេង។ ពេលនោះ គាត់បានលើកទឹកចិត្តពួកគេថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។
គាត់បានហៅអ្នកជឿព្រះយេស៊ូវថា “កូន” ព្រះ ជាការដាក់ផ្លាកឲ្យដ៏ត្រឹមត្រូវ និងស្និទ្ធស្នាល ដើម្បីរំឭកពួកគេថា ពួកគេមានតម្លៃយ៉ាងណា ចំពោះទ្រង់។
តើការលះបង់របស់ព្រះ សម្រាប់កូនទ្រង់ មានភាពជ្រាលជ្រៅយ៉ាងណា?
មានការជាច្រើនដែលឪពុកម្តាយហ៊ានធ្វើ ដើម្បីកូនរបស់ខ្លួន គឺដូចដែលឪពុករបស់ឌីឡានបានហ៊ានចុះក្នុងអណ្តូង ដើម្បីជួយសង្រ្គោះគាត់ជាដើម។ ប៉ុន្តែ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមក ដើម្បីនាំយើងដែលជាកូនទ្រង់ ចូលមកជិតព្រះទ័យព្រះអង្គ ហើយប្រទានជីវិតថ្មីមកយើងរាល់គ្នា(ខ.៥-៦)។—Elisa Morgan