ឌីឡាន មែកខូយ(Dylan McCoy) ជា​ក្មេង​អាយុ​៣​ឆ្នាំ ដែល​ទើប​តែ​ចេះ​រៀន​ហែល​ទឹក ពេល​ដែល​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូងទឹក នៅ​ក្រោយ​ផ្ទះ​ជីតា​របស់​គាត់ ដែល​មាន​ជម្រៅ​១២​ម៉ែត្រ ដែល​មាន​ជញ្ជាំង​ធ្វើ​ពី​ថ្ម និង​មាន​គំរប​ធ្វើ​ពី​ឈើ​កុងផ្លាកេ ដែល​ពុកផុយ។​ ឌីឡាន​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់​អណ្តែត​ទឹក ដែល​មាន​ជម្រៅ​បី​ម៉ែត្រ រហូត​ដល់​ពេល​ដែល​ឪពុក​របស់​គាត់​បាន​ចុះ​មក​ជួយសង្រ្គោះ​គាត់។​ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ក៏​បាន​ទម្លាក់​ខ្សែ​ពួរ ដើម្បី​យោង​ក្មេង​ប្រុស​ម្នាក់​នេះ​ឡើង​មក​លើ ប៉ុន្តែ ឪពុក​គាត់​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព​របស់​កូន​គាត់ បាន​ជា​គាត់​សុខ​ចិត្ត​ចុះ​ក្នុង​អណ្តូង​តាម​ថ្ម​ដែល​រអិល ដោយ​ខ្លួន​ឯង ដើម្បីធានា​សុវត្ថិ​ភាព​កូន​គាត់។​

នេះ​ជា​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ឪពុក​ម្តាយ​មាន​ចំពោះ​កូន។ ទោះ​នៅ​ឆ្ងាយ​(និង​ជ្រៅ) យ៉ាង​ណា​ក៏​ដោយ ក៏​យើងហ៊ាន​ទៅ ដើម្បី​ជួយ​កូន​របស់​យើង!

សាវ័ក​យ៉ូហាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​លំបាក នៅ​ក្នុង​ការ​ឈរ​ឲ្យ​មាំ​មួន ខណៈ​ពេល​ដែល​សេចក្តី​បង្រៀន​ខុស​ឆ្គង​កំពុង​តែ​នាំ​ពួក​គេ​ឲ្យ​វង្វេង។ ពេល​នោះ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន ៣:១)។

គាត់​បាន​ហៅ​អ្នក​ជឿ​ព្រះ​យេស៊ូវ​ថា “កូន” ព្រះ ជា​ការ​ដាក់​ផ្លាក​ឲ្យ​ដ៏​ត្រឹម​ត្រូវ និង​ស្និទ្ធ​ស្នាល ដើម្បី​រំឭក​ពួក​គេ​ថា​ ពួក​គេ​មាន​តម្លៃយ៉ាង​ណា ចំពោះ​ទ្រង់។​

តើ​ការ​លះ​បង់​របស់​ព្រះ សម្រាប់​កូន​ទ្រង់ មាន​ភាព​ជ្រាល​ជ្រៅ​យ៉ាង​ណា?

មាន​ការ​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​ហ៊ាន​ធ្វើ ដើម្បី​កូន​របស់​ខ្លួន គឺ​ដូច​ដែល​ឪពុក​របស់​ឌីឡាន​បាន​ហ៊ាន​ចុះ​ក្នុង​អណ្តូង ដើម្បី​ជួយសង្រ្គោះ​គាត់​ជា​ដើម។ ប៉ុន្តែ ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​យាង​ចុះ​មក ដើម្បី​នាំ​យើងដែល​ជា​កូន​ទ្រង់ ចូល​មក​ជិត​ព្រះ​ទ័យ​ព្រះ​អង្គ ហើយ​ប្រទាន​ជីវិត​ថ្មី​មក​យើង​រាល់​គ្នា​(ខ.៥-៦)។—Elisa Morgan