កង​ទ័ព​អាមេរិក​មាន​ប្រពៃណី​ផ្លំ​ត្រែ បទ “Taps” នៅ​ពេល​ថ្ងៃ​លិច និង​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ទាហាន ដែល​បាន​ពលី​ជីវិត។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ពេល​ដែល​បាន​អានទំនុក​ច្រៀង​ របស់​បទ​នេះ ហើយក៏​បាន​រក​ឃើញ​ថា​ បទ​នេះ​មាន​ល្បះ​ជាច្រើន ដែល​បញ្ចប់​ដោយ​ពាក្យ​ថា “ព្រះ​ទ្រង់​គង់​នៅ​ក្បែរ”។ ដូច​នេះ មុន​ពេល​យប់​មក​ដល់ ឬ​ក្នុង​ពេល​សោក​សង្រេង ដោយ​សារការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ទំនុក​ច្រៀងនៃ​បទ​នេះ​បាន​ធានា​ពួក​ទាហាន​អាមេរិក​ទំាង​ឡាយ​ថា​ព្រះ​គង់​នៅ​ក្បែរ​ជា​និច្ច។

នៅ​គ្រា​សញ្ញា​ចាស់ គេ​ក៏​បាន​ផ្លុំ​ត្រែ​ដើម្បី​រំឭក​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​ពួក​គេ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ “ផ្លុំត្រែ” នៅ​ក្នុង​ពេល​ធ្វើ​ពិធី​បុណ្យ​សំខាន់​ៗ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​សញ្ញា​រវាង​ព្រះ និង​ប្រជា​ជាតិ​អ៊ីស្រាអែល​ (ជន​គណនា ១០:១០)។ ការ​ផ្លុំ​ត្រែ​ជា​ការ​រំឭក​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​គង់​នៅ​ក្បែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​ពួក​គេ ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​ពួក​គេ។​

សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ត្រូវ​ការ​ការ​រំឭក​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង។ ហើយ​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​យើង យើង​ក៏​អាច​ស្រែកអំពាវ​រក​ព្រះ​អង្គ ដោយ​ការ​អធិ​ស្ឋាន និង​បទ​ចម្រៀង​ផង​ដែរ។ យើង​អាច​ចាត់​ទុក​ថា ការ​អធិស្ឋាន​របស់​យើង គឺ​ប្រៀប​ដូច​ជា​សម្លេង​ត្រែ ដែល​សុំ​ឲ្យ​ព្រះ​ទ្រង់​ជួយ​យើង។ ហើយ​យើង​ក៏​មាន​ការ​កម្សាន្ត​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ​តែង​តែ​ស្តាប់​ឮ អ្នកដែល​ស្រែក​រក​ព្រះ​អង្គ​(១ពេត្រុស ៣:១២)។ ព្រះ​អង្គ​ឆ្លើយ​តប​ការ​ទូល​អង្វរ​របស់​យើង ដោយ​ការ​ធានា អំពី​ព្រះ​វត្ត​មាន​ ដែល​ចម្រើន​កម្លាំង និង​កម្សាន្ត​ចិត្ត​យើង ក្នុង​ពេល​ដ៏​ពិបាក និង​ពេល​សោក​សង្រេង ក្នុង​ជីវិត។​—Lisa M. Samra