មានពេលមួយខ្ញុំបានចូលមើលបន្ទប់ហាត់ប្រាណ នៅក្នុងសណ្ឋាគារមួយ ហើយក៏បានជួបអ្នកស្រី អ៊ែន(Ann) ដែលកំពុងរៀបចំបន្ទប់នោះឲ្យមានសណ្តាប់ធ្នាប់។ ពេលដែលយើងបានជជែកគ្នា ខ្ញុំក៏បានដឹងថា គាត់មានទីបន្ទាល់ដ៏អស្ចារ្យមួយ។ គាត់ថា ជួនកាល គាត់មានអារម្មណ៍ថា គេហាក់ដូចជាមើលគាត់មិនឃើញ។ ប៉ុន្តែ គាត់ចង់ឲ្យព្រះប្រើគាត់។ ទោះបីជាគាត់ធ្លាប់រស់នៅជាមនុស្សញៀនថ្នាំ និងជាស្រីរកស៊ីផ្លូវភេទ នៅតាមចិញ្ចើមថ្នល់ តែគាត់ដឹងថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់បោះបង់ជីវិតចាស់ ហើយងាកមកដើរជាមួយព្រះអង្គវិញ។ ថ្ងៃមួយ គាត់ក៏បានលត់ជង្គង់ទទួលជឿព្រះយេស៊ូវ ហើយព្រះអង្គក៏បានរំដោះគាត់ឲ្យមានសេរីភាពរួចពីបាប។
ខ្ញុំក៏បានអរគុណអ្នកស្រីអ៊ែន សម្រាប់ការចែកចាយ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់គាត់ ហើយក៏បានលើកទឹកចិត្តគាត់ថាព្រះទ្រង់តែងតែទតឃើញ ហើយយកព្រះទ័យទុកដាក់ចំពោះគាត់ជានិច្ច។ ហើយប្រាប់គាត់ថា ថ្ងៃនោះ ព្រះអង្គបានប្រើគាត់ ក្នុងការសន្ទនារបស់យើង តាមរបៀបដ៏ប្រសើរ ដើម្បីរំឭកខ្ញុំ អំពីអំណាចចេស្តាទ្រង់ ដែលអាចកែប្រែជីវិត។
ព្រះចូលចិត្តប្រើមនុស្ស ដែលអ្នកដទៃមើលរំលង។ សាវ័កអនទ្រេ មិនមានឈ្មោះល្បីដូចសាវ័កពេត្រុស ដែលជាបងប្អូនគាត់ទេ តែព្រះគម្ពីរបានចែងថា រឿងទីមួយដែលគាត់ធ្វើ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវ នោះគឺគាត់បានទៅហៅលោកពេត្រុស ហើយប្រាប់គាត់ថា គាត់បានជួបព្រះមែស៊ី រួចគាត់ក៏បាននាំលោកពេត្រុសឲ្យមកជួបព្រះយេស៊ូវ(យ៉ូហាន ១:៤១-៤២)។
លោកពេត្រុសបានជួបព្រះយេស៊ូវ តាមរយៈលោកអនទ្រេ។ គេមិនសូវមានការចាប់អារម្មណ៍ចំពោះភាពស្មោះត្រង់របស់លោកអនទ្រេ តែភាពស្មោះត្រង់របស់គាត់បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើពិភពលោក។
ព្រះទ្រង់ឲ្យតម្លៃមកលើការបម្រើដោយស្មោះត្រង់ ជាជាងឲ្យតម្លៃមកលើកេរ្តិ៍ឈ្មោះរបស់យើង។ ព្រះអង្គអាចប្រើយើង ដោយអំណាចចេស្តា ទោះយើងនៅទីណា ឬគ្មាននរណាម្នាក់ចាប់អារម្មណ៍មកលើយើងក៏ដោយ។—James Banks