មាន​ពេល​មួយ​ខ្ញុំ​បាន​ចូល​មើល​បន្ទប់​ហាត់​ប្រាណ នៅ​ក្នុង​សណ្ឋាគារ​មួយ ហើយ​ក៏​បាន​ជួប​អ្នក​ស្រី អ៊ែន(Ann) ដែល​កំពុងរៀប​ចំ​បន្ទប់​នោះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់។ ពេល​ដែល​យើង​បាន​ជជែក​គ្នា ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​មានទី​បន្ទាល់​ដ៏​អស្ចារ្យ​មួយ។ គាត់​ថា ជួន​កាល គាត់​មាន​អារម្មណ៍​ថា​ គេ​ហាក់​ដូច​ជា​មើល​គាត់​មិន​ឃើញ។ ប៉ុន្តែ គាត់​ចង់​ឲ្យ​ព្រះ​ប្រើ​គាត់។ ទោះបីជាគាត់​ធ្លាប់​រស់​នៅ​ជាមនុស្ស​ញៀន​ថ្នាំ និង​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ នៅ​តាម​ចិញ្ចើម​ថ្នល់ តែ​គាត់​ដឹង​ថា​ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់​បោះ​បង់​ជីវិត​ចាស់ ហើយ​ងាក​មក​ដើរ​ជា​មួយ​ព្រះ​អង្គ​វិញ។ ថ្ងៃ​មួយ គាត់​ក៏​បាន​លត់​ជង្គង់​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​ក៏​បាន​រំដោះ​គាត់​ឲ្យមាន​សេរីភាព​រួច​ពី​បាប។​

ខ្ញុំ​ក៏​បាន​អរ​គុណ​អ្នក​ស្រី​អ៊ែន សម្រាប់​ការ​ចែក​ចាយ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​គាត់ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ថា​ព្រះ​ទ្រង់​តែង​តែ​ទត​ឃើញ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​គាត់​ជា​និច្ច។ ហើយ​ប្រាប់​គាត់​ថា ថ្ងៃ​នោះ ព្រះ​អង្គ​បាន​ប្រើគាត់ ក្នុង​ការ​សន្ទនា​របស់​យើង តាម​របៀប​ដ៏​ប្រសើរ ដើម្បី​រំឭក​ខ្ញុំ អំពី​អំណាច​ចេស្តា​ទ្រង់ ដែល​អាច​កែ​ប្រែ​ជីវិត។​

ព្រះ​ចូល​ចិត្ត​ប្រើ​មនុស្ស ដែល​អ្នក​ដទៃ​មើល​រំលង។ សាវ័ក​អនទ្រេ មិន​មាន​ឈ្មោះ​ល្បី​ដូច​សាវ័ក​ពេត្រុស​ ដែល​ជា​បង​ប្អូន​គាត់ទេ តែ​ព្រះ​គម្ពីរ​បាន​ចែង​ថា រឿង​ទី​មួយ​ដែល​គាត់​ធ្វើ បន្ទាប់​ពី​គាត់​បាន​ជួប​ព្រះ​យេស៊ូវ នោះ​គឺ​គាត់​បាន​ទៅ​ហៅ​លោក​ពេត្រុស ហើយ​ប្រាប់​គាត់​ថា គាត់​បាន​ជួប​ព្រះ​មែស៊ី រួច​គាត់​ក៏​បាន​នាំ​លោក​ពេត្រុស​ឲ្យ​មក​ជួប​ព្រះ​យេស៊ូវ(យ៉ូហាន ១:៤១-៤២)។

លោក​ពេត្រុស​បាន​ជួប​ព្រះ​យេស៊ូវ តាម​រយៈ​លោក​អនទ្រេ។ គេ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់លោក​អនទ្រេ តែ​ភាព​ស្មោះ​ត្រង់​របស់​គាត់​បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​មក​លើ​ពិភព​លោក។​

ព្រះ​ទ្រង់​ឲ្យ​តម្លៃ​មក​លើ​ការ​បម្រើ​ដោយ​ស្មោះ​ត្រង់ ជា​ជាង​ឲ្យ​តម្លៃ​មក​លើ​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ព្រះ​អង្គ​អាច​ប្រើ​យើង​ ដោយអំណាច​ចេស្តា ទោះ​យើង​នៅ​ទីណា ឬ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​មក​លើ​យើង​ក៏​ដោយ។​—James Banks