ពេលដែលប្អូនប្រុសរបស់អ្នកស្រីរេបេកា(Rebecca) និងប្អូនថ្លៃស្រីរបស់គាត់ ចាប់ផ្តើមមានបញ្ហាទំនាក់ទំនងប្តីប្រពន្ធ អ្នកស្រីរេបេកាបានអធិស្ឋានអស់ពីចិត្ត សូមឲ្យពួកគេមានការផ្សះផ្សាឡើងវិញ។ ប៉ុន្តែ ពួកគេក៏បានលែងលះគ្នា។ បន្ទាប់មក ប្អូនថ្លៃរបស់គាត់ក៏បាននាំកូនៗទៅរដ្ឋផ្សេង ដោយមិនមានការបដិសេធន៍ពីឪពុករបស់ពួកគេ។ ចាប់តាំងពីពេលនោះមក អ្នកស្រីរេបេកាក៏លែងបានឃើញក្មួយស្រីជាទីស្រឡាញ់របស់គាត់ទៀត។ ប៉ុន្មានឆ្នាំក្រោយមក គាត់និយាយថា ដោយសារគាត់បានព្យាយាមជម្នះភាពសោកសៅនេះ ដោយខ្លួនឯង គាត់ក៏បានបណ្តោយឲ្យភាពល្វីងជូរចត់ចាប់ផ្តើមចាក់ឫសក្នុងចិត្តគាត់ ហើយវាក៏បានចាប់ផ្តើមរាលដាលដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។
កណ្ឌគម្ពីរនាងរស់បានចែងអំពីស្រ្តីម្នាក់ឈ្មោះណាអូមី ដែលព្យាយាមជម្នះចិត្តសោកសង្រេង ដែលប្រែជាភាពល្វីងជូរចត់។ ស្វាមីគាត់បានស្លាប់នៅប្រទេសក្រៅ ហើយដប់ឆ្នាំក្រោយមក កូនប្រុសរបស់គាត់ទាំងពីរក៏បានស្លាប់ទៀត។ គាត់ក៏ត្រូវរស់នៅយ៉ាងក្រតោកយ៉ាកជាមួយកូនប្រសារស្រី ម្នាក់ឈ្មោះនាងរស់ និងម្នាក់ទៀតឈ្មោះអ័រប៉ា(១:៣-៥)។ ពេលដែលនាងណាអូមី និងនាងរស់វិលត្រឡប់ទៅស្រុកកំណើតរបស់នាងណាអូមីវិញ អ្នកភូមិរបស់នាងមានចិត្តរំភើបរីករាយ ដែលបានឃើញពួកគេ។ ប៉ុន្តែ នាងណាអូមីក៏បានប្រាប់មិត្តភក្តិគាត់ថា “កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់”(ខ.២០)។ គាត់ថែមទាំងប្រាប់គេឲ្យហៅគាត់ថា “ម៉ារ៉ា”វិញ ព្រោះឈ្មោះនេះមានន័យថា ជូរល្វីង។
តើមាននរណាខ្លះដែលមិនធ្លាប់ជួបការខកចិត្ត ដែលនាំឆ្ពោះទៅរកភាពល្វីងជូរចត់? អ្នកប្រហែលជាធ្លាប់ឈឺចាប់ ដោយសារសម្តីរបស់នរណាម្នាក់ ឬមិនបានអ្វីមួយដូចបំណង ឬក៏នរណាម្នាក់ធ្វើការទាមទារមកលើយើង ដែលធ្វើឲ្យយើងអាក់អន់ចិត្តយ៉ាងខ្លាំង។ តែពេលណាយើងទូលថ្វាយព្រះ អំពីភាពល្វីងជូរចត់ឬការឈឺចាប់ ក្នុងជម្រៅចិត្តយើង នោះទ្រង់អាចជួយជីករំលើងឫសនៃភាពល្វីងជូរចត់នោះ ទោះវានៅតូច ឬបានចាក់ចូលជ្រៅ អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ហើយព្រះអង្គអាចជំនួសមកវិញ ដោយវិញ្ញាណដែលផ្អែមល្ហែម និងមានពេញដោយអំណរ។—Anne Cetas