សាយប៊ី(Saybie) គឺជាទារក ដែលបានកើតមិនគ្រប់ខែ ដោយនាងបានចាប់កំណើតនៅសប្តាហ៍ទី២៣ ដោយមានទម្ងន់តែ ២ខាំកន្លះប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យមិនសង្ឃឹមថា សាយប៊ីនឹងអាចរស់បានយូរឡើយ ហើយក៏បានប្រាប់ឪពុកម្តាយរបស់នាងថា ពួកគេអាចចំណាយពេលជាមួយនាង បានតែ១ម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សាយប៊ីមិនបានបោះបង់ការតស៊ូឡើយ។ គេបានដាក់កាតពណ៌ផ្កាឈូកមួយសន្លឹក នៅក្បែរគ្រែរបស់គាត់ ដែលមានអក្សរសរសេរពីលើថា “តូចល្អិតតែខ្លាំងពូកែ”។ បន្ទាប់ពីបានស្នាក់នៅមន្ទីរពេទ្យបាន៥ខែ សាយប៊ីក៏បានវិលត្រឡប់ទៅផ្ទះវិញ ក្នុងនាមជាទារកមានទម្ងន់២.២ គីឡូក្រាម។ នេះជាការអស្ចារ្យណាស់ដែលនាងអាចចេញពីមន្ទីរពេទ្យដោយមានសុខភាពល្អ។ នាងក៏បានបំបែកឯកកត្តកម្មពិភពលោក ក្នុងនាមជាទារកតូចល្អិតបំផុត ដែលអាចមានជីវិតរស់។
យើងអាចមានការលើកទឹកចិត្តណាស់ ពេលដែលយើងបានស្តាប់រឿងរបស់អ្នកដែលបានឆ្លងកាត់ការលំបាក ដែលអ្នកដទៃគិតថា គ្មាននរណាអាចឆ្លងកាត់បាន។ ព្រះគម្ពីរក៏បានចែងអំពីរឿងដូចនេះផងដែរ។ ដាវីឌគឺជាក្មេងគង្វាលចៀម ដែលបានស្ម័គ្រចិត្តទៅប្រកួតជាមួយកូលីយ៉ាត ជាអ្នកចម្បាំងមាឌយក្ស ដែលបានប្រមាថព្រះ ហើយបានគំរាមកំហែងប្រជាជនអ៊ីស្រាអែល។ ស្តេចសូលគិតថា ដាវីឌកំពុងតែធ្វើរឿងដែលគួរឲ្យអស់សំណើចបានជាទ្រង់មានបន្ទូលថា “ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ”(១សាំយ៉ូអែល ១៧:៣៣)។ ហើយពេលដែលកុមារដាវីឌបោះជំហាន ចូលទៅក្នុងសមរភូមិ កូលីយ៉ាត “ឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង”(៤២)។ ទោះយ៉ាងណាក៏ដោយ ដាវីឌមិនបានបោះជំហាន ចូលទៅក្នុងការប្រយុទ្ធតែម្នាក់ឯងឡើយ។ គាត់បានមក “ដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល”(ខ.៤៥)។ ហើយនៅទីបញ្ចប់ ដាវីឌក៏បានប្រយុទ្ធឈ្នះ ហើយកូលីយ៉ាតក៏បានស្លាប់។
ទោះបញ្ហាយើងធំប៉ុណ្ណាក៏ដោយ ពេលណាព្រះទ្រង់គង់នៅជាមួយយើង នោះគ្មានអ្វីដែលយើងចាំបាច់ត្រូវភ័យខ្លាចនោះទេ។ ដោយពឹងអាចកម្លាំងទ្រង់ នោះយើងក៏ខ្លាំងពូកែផងដែរ។—Winn Collier