សាយប៊ី(Saybie) ​គឺ​ជា​ទារក ដែល​បាន​កើត​មិន​គ្រប់​ខែ ដោយ​នាង​បាន​ចាប់​កំណើត​នៅ​សប្តាហ៍​ទី​២៣ ដោយ​មាន​ទម្ងន់​តែ ២ខាំ​កន្លះ​ប៉ុណ្ណោះ។​ ក្រុម​គ្រូពេទ្យ​មិន​សង្ឃឹម​ថា សាយប៊ី​នឹង​អាច​រស់​បាន​យូរ​ឡើយ ហើយ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​របស់​នាង​ថា ពួក​គេ​អាច​ចំណាយ​ពេល​ជា​មួយ​នាង បាន​តែ​១​ម៉ោង​ប៉ុណ្ណោះ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សាយប៊ី​មិន​បាន​បោះ​បង់​ការ​តស៊ូឡើយ​។ គេ​បាន​ដាក់​កាត​ពណ៌​ផ្កា​ឈូក​មួយ​សន្លឹក ​នៅ​ក្បែរ​គ្រែ​របស់​គាត់ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “តូច​ល្អិត​តែ​ខ្លាំង​ពូកែ”។ បន្ទាប់​ពី​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​បាន​៥​ខែ សាយប៊ីក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​នាម​ជា​ទារក​មាន​ទម្ងន់​២.២ គីឡូក្រាម។ នេះ​ជា​ការ​អស្ចារ្យ​ណាស់​ដែល​នាង​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​ដោយ​មាន​សុខ​ភាព​ល្អ។ នាង​ក៏​បាន​បំបែក​ឯ​កកត្ត​កម្ម​ពិភពលោក ក្នុង​នាម​ជា​ទារក​តូច​ល្អិត​បំផុត ដែល​អាច​មាន​ជីវិត​រស់។

យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​យើង​បាន​ស្តាប់​រឿង​របស់​អ្នក​ដែល​បាន​ឆ្លង​កាត់​ការ​លំបាក ដែល​អ្នក​ដទៃគិត​ថា គ្មាន​នរណា​អាច​ឆ្លង​កាត់​បាន។​ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​រឿង​ដូច​នេះ​ផង​ដែរ។ ដាវីឌ​គឺ​ជា​ក្មេង​គង្វាល​ចៀម​ ដែល​បានស្ម័គ្រ​ចិត្ត​ទៅ​ប្រកួត​ជា​មួយ​កូលីយ៉ាត ​ជា​អ្នក​ចម្បាំង​មាឌ​យក្ស ដែល​បាន​ប្រមាថ​ព្រះ ហើយ​បាន​គំរាម​កំហែង​ប្រជាជន​អ៊ីស្រាអែល​។​​ ស្តេច​សូល​គិត​ថា ដាវីឌ​កំពុង​តែ​ធ្វើ​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា “ឯង​នឹង​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចំបាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ”(១សាំយ៉ូអែល ១៧:៣៣)។​ ហើយ​ពេល​ដែល​កុមារ​ដាវីឌ​បោះ​ជំហាន ចូល​ទៅ​ក្នុង​សមរ​ភូមិ កូលីយ៉ាត “ឃើញ​ដាវីឌ នោះ​ក៏​តាំងចិត្ត​មើល​ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង”(៤២)។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដាវីឌ​មិន​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ការ​ប្រយុទ្ធតែ​ម្នាក់​ឯង​ឡើយ។ គាត់​បាន​មក “ដោយ​នូវ​ព្រះនាម​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល”(ខ.៤៥)។ ហើយ​នៅ​ទីបញ្ចប់ ដាវីឌ​ក៏​បាន​ប្រយុទ្ធ​ឈ្នះ ហើយ​កូលីយ៉ាត​ក៏​បាន​ស្លាប់។

ទោះ​បញ្ហា​យើង​ធំ​ប៉ុណ្ណា​ក៏​ដោយ ពេល​ណា​ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង នោះ​គ្មាន​អ្វី​ដែល​យើង​ចាំ​បាច់​ត្រូវ​ភ័យ​ខ្លាច​នោះ​ទេ។ ដោយ​ពឹង​អាច​កម្លាំង​ទ្រង់ នោះ​យើង​ក៏​ខ្លាំង​ពូកែ​ផង​ដែរ។—Winn Collier