នៅ​ក្នុង​ខ្សែ​ភាព​យន្ត មនុស្សដ៏​អស្ចារ្យ នៅ​នគរ​អូហ្ស  ដូរ៉ូស៊ី(Dorothy) ទីង​មោង និង​មនុស្ស​ស័ង្ក​សី ហើយនិង​សត្វ​តោ​កំសាក ក៏​បាន​វិល​ត្រឡប់​មក​នគរ​អូហ្ស​វិញ ជា​មួយ​នឹង​អំបោស ដែល​ផ្តល់​អំណាច​ឲ្យ​មេ​ធ្មប់​កំណាច​ នៅ​តំបន់​ខាង​លិច។ មនុស្ស​ដ៏​អស្ចារ្យ​ក៏​បាន​សន្យា​ថា​ ជា​ថ្នូរ​នឹង​អំបោស​ដែល​ពួក​គេ​បាន​យក​មក​ឲ្យ​គាត់ គាត់​នឹង​ឲ្យ​ដូរ៉ូស៊ី​មាន​មធ្យោបាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​គាត់​ឲ្យ​ទីង​មោង​មាន​ខួរ​ក្បាល និង​ឲ្យ​មនុស្ស​ស័ង្ក​សី​មាន​បេះ​ដូង​ រួច​ឲ្យ​សត្វ​តោ​កំសាក មាន​ចិត្ត​ក្លា​ហាន។ ប៉ុន្តែ គាត់​មិនទាន់​ធ្វើ​ភ្លាម​ៗ​ទេ ហើយក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​បន្ទាប់។

ខណៈ​ពេល​ដែល​ពួក​គេកំពុង​តែ​អង្វរ​មនុស្ស​អស្ចារ្យ​នោះ ឆ្កែ​របស់​ដូរ៉ូស៊ី​ឈ្មោះតូតូ ក៏​បាន​បើក​វាំងនន នៅ​ពី​ក្រោយ​ខ្នង​មនុស្សអស្ចារ្យ​នោះ ដើម្បី​បង្ហាញ​ថា គាត់​មិន​មែន​ជា​មនុស្ស​អស្ចារ្យ​នោះ​ទេ តែ​គ្រាន់​តែ​ជា​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច​ មក​ពី​នគរ​នេប្រាស្កា។

គេ​ថា លោក អ៊ែល ហ្វ្រែង បួម(L. Frank Baum) ​ដែល​ជាអ្នក​និពន្ធ​រឿង​នេះ មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​មួយ ជា​មួយ​ព្រះ ព្រោះ​គាត់​ចង់ប្រាប់​អ្នក​អាន​របស់​គាត់​ថា មាន​តែ​យើង​ទេ ដែល​មាន​អំណាច​ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​បាន។

ផ្ទុយ​ទៅ​វិញ សាវ័ក​យ៉ូហាន បាន​បើក​វាំងនន ដើម្បី​បង្ហាញ​ព្រះ​មួយ​អង្គ​ដែល​ពិត​ជា​អស្ចារ្យ។ គាត់ថា “​ឃើញ​មាន​បល្ល័ង្ក​១ ដាក់​នៅ​លើ​ស្ថានសួគ៌ ក៏​មាន​១​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ ​…ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ”(វិវរណៈ ៤:២,៦)។ ទោះ​យើង​មាន​បញ្ហា​ច្រើន​យ៉ាង​ណា​ក៏ដោយ នៅ​លើ​ផែន​ដី​នេះ(ជំពូក ២-៣) ព្រះ​ទ្រង់​មិន​ដែល​មាន​ការ​ភ័យ​ខ្លាច ដោយ​មិន​ធ្វើ​អ្វី​មួយ​នោះ​ឡើយ។ ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ប្រយោជន៍​យើង និង​ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​សន្តិភាព​របស់​ព្រះ​អង្គ។​—David H. Roper