នៅក្នុងខ្សែភាពយន្ត មនុស្សដ៏អស្ចារ្យ នៅនគរអូហ្ស ដូរ៉ូស៊ី(Dorothy) ទីងមោង និងមនុស្សស័ង្កសី ហើយនិងសត្វតោកំសាក ក៏បានវិលត្រឡប់មកនគរអូហ្សវិញ ជាមួយនឹងអំបោស ដែលផ្តល់អំណាចឲ្យមេធ្មប់កំណាច នៅតំបន់ខាងលិច។ មនុស្សដ៏អស្ចារ្យក៏បានសន្យាថា ជាថ្នូរនឹងអំបោសដែលពួកគេបានយកមកឲ្យគាត់ គាត់នឹងឲ្យដូរ៉ូស៊ីមានមធ្យោបាយត្រឡប់ទៅផ្ទះវិញ ហើយគាត់ឲ្យទីងមោងមានខួរក្បាល និងឲ្យមនុស្សស័ង្កសីមានបេះដូង រួចឲ្យសត្វតោកំសាក មានចិត្តក្លាហាន។ ប៉ុន្តែ គាត់មិនទាន់ធ្វើភ្លាមៗទេ ហើយក៏បានប្រាប់ពួកគេឲ្យត្រឡប់មកវិញ នៅថ្ងៃបន្ទាប់។
ខណៈពេលដែលពួកគេកំពុងតែអង្វរមនុស្សអស្ចារ្យនោះ ឆ្កែរបស់ដូរ៉ូស៊ីឈ្មោះតូតូ ក៏បានបើកវាំងនន នៅពីក្រោយខ្នងមនុស្សអស្ចារ្យនោះ ដើម្បីបង្ហាញថា គាត់មិនមែនជាមនុស្សអស្ចារ្យនោះទេ តែគ្រាន់តែជាមនុស្សដែលមានការភ័យខ្លាច មកពីនគរនេប្រាស្កា។
គេថា លោក អ៊ែល ហ្វ្រែង បួម(L. Frank Baum) ដែលជាអ្នកនិពន្ធរឿងនេះ មានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ជាមួយព្រះ ព្រោះគាត់ចង់ប្រាប់អ្នកអានរបស់គាត់ថា មានតែយើងទេ ដែលមានអំណាចដោះស្រាយបញ្ហាខ្លួនឯងបាន។
ផ្ទុយទៅវិញ សាវ័កយ៉ូហាន បានបើកវាំងនន ដើម្បីបង្ហាញព្រះមួយអង្គដែលពិតជាអស្ចារ្យ។ គាត់ថា “ឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ …ខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ”(វិវរណៈ ៤:២,៦)។ ទោះយើងមានបញ្ហាច្រើនយ៉ាងណាក៏ដោយ នៅលើផែនដីនេះ(ជំពូក ២-៣) ព្រះទ្រង់មិនដែលមានការភ័យខ្លាច ដោយមិនធ្វើអ្វីមួយនោះឡើយ។ ព្រះអង្គកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីប្រយោជន៍យើង និងដើម្បីឲ្យយើងបានស្គាល់សន្តិភាពរបស់ព្រះអង្គ។—David H. Roper