នៅ​ក្នុង​ការ​ជជែក នៅ​ទីក្រុង​ហ្សាកាតា អំពី​ដើម​កំណើត​របស់​ជន​ជាតិ​ឥណ្ឌូនេស៊ី អ្នក​នយោបាយ​ម្នាក់​បាន​ចែក​ចាយ​ថា ការ​ធ្វើតេស្ត​DNA បាន​ផ្តល់​ឲ្យ​លទ្ធ​ផល​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ថា គាត់​មាន​ជាប់​ខ្សែ​លោហិត​របស់​សាសន៍​សាំម៉ារី។ គាត់​ថា គាត់មាន​មោទន​ភាព​ចំពោះ​កេរដំណែល​នេះ ព្រោះ​សម្រាប់​ខ្លួន​គាត់​ផ្ទាល់ រឿង​សាសន៍​សាំម៉ារី​ចិត្ត​ល្អ ក្នុង​ព្រះ​គម្ពីរ​ប៊ីប គឺ​បាននិយាយ​អំពី​គំរូនៃ​អំពើ​សប្បុរស​ធម៌ ដែល​គ្មាន​លក្ខ​ខ័ណ្ឌ។​

ប៉ុន្តែ ក្រុម​មនុស្ស​ដំបូង​ដែល​បាន​ស្តាប់​រឿង​សាសន៍​សាំម៉ារី​ចិត្ត​ល្អ ប្រហែល​មិន​មាន​អារម្មណ៍​ល្អ​ដូច​គាត់​ទេ។ សាសន៍​យូដាបាន​រើសអើង​សាសន៍​សាំម៉ារី ដោយ​សារ​សាសន៍​សាំម៉ារី​ជាប់​សាច់​ឈាម​ជា​មួយ​សាសន៍​ដទៃ ហើយ​ទទួល​យក​សាសនាដែល​ថ្វាយ​បង្គំ​រូប​ព្រះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​ប្រាប់​គេ​ថា អ្នក​ជិត​ខាង​ជា​នរណា ហើយ​ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​សាសន៍​សាំម៉ារី​នោះ​ក្លាយ​ជា​វីវរៈ​បុរស​(លូកា ១០:៣០-៣៧)។ ពេល​ដែល​ជន​ជាតិ​យូដា​ម្នាក់​ត្រូវ​ចោរ​ប្លន់​វាយធ្វើ​បាប ដេក​ដួល​នៅ​លើ​ដី ជន​រួម​ជាតិ​គាត់​ពីរ​នាក់​បាន​សម្រេច​ចិត្ត​ដើរ​បង្ហួស​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​សាសន៍សាំម៉ារី​ម្នាក់​បាន​ “ឃើញ​គាត់ ហើយក៏​មាន​ចិត្ត​អាណិត​គាត់”(ខ.៣៣)។ គាត់​ក៏​បាន​នាំ​បុរស​ដែល​រង​របួស​នោះ ទៅ​ព្យាបាល​របួស មុន​ពេល​គាត់​ចាក​ចេញ​ទៅ​បន្ត​ការងារ​របស់​គាត់។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា អ្នក​ជិត​ខាង​ល្អ គឺ​ជា​អ្នក​ដែល​មើល​ឃើញតម្រូវ​ការ​យើង ហើយ​បំពេញ​តម្រូវ​ការ​នោះ។

ក្នុង​សង្គម​យើង​សព្វ​ថ្ងៃ មនុស្ស​មាន​ការ​ជាប់​រវល់​ខ្លាំង​នឹង​កិច្ចការ​ផ្ទាល់​ខ្លួន ហើយ​ក៏​ងាយ​នឹង​ភ្លេច​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​។ យើង​ប្រហែល​មិន​មាន​ជាប់​សាច់ឈាម​នឹង​សាសន៍​សាំម៉ារី​នោះ​ទេ តែ​ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ ពេល​ខ្លះ​ យើង​អាច​ទុក​ការ​រវល់ចោល​សិន ដើម្បី​ជួយ​យក​អសារ​អ្នក​ជិត​ខាង​យើង ដែល​កំពុង​តែ​មាន​តម្រូវ​ការ​។​—Dwiyanto Fadjaray