នៅក្នុងការជជែក នៅទីក្រុងហ្សាកាតា អំពីដើមកំណើតរបស់ជនជាតិឥណ្ឌូនេស៊ី អ្នកនយោបាយម្នាក់បានចែកចាយថា ការធ្វើតេស្តDNA បានផ្តល់ឲ្យលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលមួយថា គាត់មានជាប់ខ្សែលោហិតរបស់សាសន៍សាំម៉ារី។ គាត់ថា គាត់មានមោទនភាពចំពោះកេរដំណែលនេះ ព្រោះសម្រាប់ខ្លួនគាត់ផ្ទាល់ រឿងសាសន៍សាំម៉ារីចិត្តល្អ ក្នុងព្រះគម្ពីរប៊ីប គឺបាននិយាយអំពីគំរូនៃអំពើសប្បុរសធម៌ ដែលគ្មានលក្ខខ័ណ្ឌ។
ប៉ុន្តែ ក្រុមមនុស្សដំបូងដែលបានស្តាប់រឿងសាសន៍សាំម៉ារីចិត្តល្អ ប្រហែលមិនមានអារម្មណ៍ល្អដូចគាត់ទេ។ សាសន៍យូដាបានរើសអើងសាសន៍សាំម៉ារី ដោយសារសាសន៍សាំម៉ារីជាប់សាច់ឈាមជាមួយសាសន៍ដទៃ ហើយទទួលយកសាសនាដែលថ្វាយបង្គំរូបព្រះ។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូច ដើម្បីប្រាប់គេថា អ្នកជិតខាងជានរណា ហើយព្រះអង្គក៏បានធ្វើឲ្យសាសន៍សាំម៉ារីនោះក្លាយជាវីវរៈបុរស(លូកា ១០:៣០-៣៧)។ ពេលដែលជនជាតិយូដាម្នាក់ត្រូវចោរប្លន់វាយធ្វើបាប ដេកដួលនៅលើដី ជនរួមជាតិគាត់ពីរនាក់បានសម្រេចចិត្តដើរបង្ហួសគាត់។ ទោះជាយ៉ាងណាក៏ដោយ មានសាសន៍សាំម៉ារីម្នាក់បាន “ឃើញគាត់ ហើយក៏មានចិត្តអាណិតគាត់”(ខ.៣៣)។ គាត់ក៏បាននាំបុរសដែលរងរបួសនោះ ទៅព្យាបាលរបួស មុនពេលគាត់ចាកចេញទៅបន្តការងាររបស់គាត់។ ព្រះយេស៊ូវមានបន្ទូលថា អ្នកជិតខាងល្អ គឺជាអ្នកដែលមើលឃើញតម្រូវការយើង ហើយបំពេញតម្រូវការនោះ។
ក្នុងសង្គមយើងសព្វថ្ងៃ មនុស្សមានការជាប់រវល់ខ្លាំងនឹងកិច្ចការផ្ទាល់ខ្លួន ហើយក៏ងាយនឹងភ្លេចបង្ហាញចេញនូវចិត្តសប្បុរស។ យើងប្រហែលមិនមានជាប់សាច់ឈាមនឹងសាសន៍សាំម៉ារីនោះទេ តែក្នុងនាមយើងជាអ្នកជឿព្រះ ពេលខ្លះ យើងអាចទុកការរវល់ចោលសិន ដើម្បីជួយយកអសារអ្នកជិតខាងយើង ដែលកំពុងតែមានតម្រូវការ។—Dwiyanto Fadjaray