ពេល​ដែល​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខ​ភាព​កូន​ប្រុស​ដំបូង​របស់​អ្នក​ស្រី​ឌីអាននេ បូកូ ឃីម(Diane Dokko Kim) ​រកឃើញ​ថា កូន​នោះមាន​ជម្ងឺ​អូទីហ្សិម គាត់ និងស្វាមី​របស់​គាត់​ក៏បាន​សោក​សង្រេង ដោយត្រូវ​ប្រឈម​មុខ​នឹង​ការ​ថែរក្សា​កូនដែល​ពិការ​ផ្លូវ​បញ្ញា​អស់​មួយ​ជីវិត។  ក្នុង​សៀវភៅ​ដែល​គាត់​និពន្ធ​មាន​ចំណង​ជើង​ថា ជំនឿ​ដ៏​រឹង​មាំ  គាត់​បាន​ទទួល​ស្គាល់​ថា គាត់​មាន​ការពិបាក នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ក្តី​ស្រមៃ និង​ការ​រំពឹង​ចង់​បាន សម្រាប់​អនាគត​របស់​កូន​ប្រុស​ជា​ទីស្រឡាញ់​របស់​ពួក​គេ។ ប៉ុន្តែ តាមរយៈ​ដំណើរ​ការ​ដ៏​ឈឺ​ចាប់​នេះ ពួក​គេ​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​អាច​គ្រប់​គ្រង​កំហឹង ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ខណៈ​ពេល​ដែល​កូន​ប្រុស​របស់​ពួក​គេ​កំពុង​តែ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ អ្នក​ស្រី​ឌីអាននេ ក៏​បាន​ប្រើ​បទពិសោធន៍​របស់​គាត់ ដើម្បី​លើក​ទឹក​ចិត្ត​ឪពុក​ម្តាយ​ដទៃ​ទៀត ដែល​មាន​កូន​ពិការ។ គាត់​ក៏​បាន​ប្រាប់​គេ អំពី​ព្រះ​បន្ទូល​សន្យា​ដ៏​ស្ថិត​ស្ថេរ អំណាច​ដែល​គ្មាន​ដែន​កំណត់ និង​ភាព​ស្មោះ​ត្រង់​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ គាត់​បាន​លើក​ទឹកចិត្ត​គេ​ថា ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​យើង​សោក​សង្រេង ពេល​ណា​ក្តី​ស្រមៃ ការ​រំពឹង​ចង់​បាន ឬ​ផ្លូវ​នៃ​ជីវិត​យើង​រលាយ​បាត់​បង់។

ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​២៦ ហោរា​អេសាយ​បាន​ប្រកាសថា រាស្រ្ត​របស់​ព្រះ​អាច​ទុក​ចិត្ត​ព្រះ​អម្ចាស់​ជា​រៀង​រហូត ព្រោះ “ព្រះ​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។ ព្រះ​អង្គ​អាច​ទ្រទ្រង់​យើង ដោយ​សន្តិ​ភាព​ដ៏​អស្ចារ្យ ក្នុង​ស្ថាន​ភាព​នីមួយ​ៗ(ខ.១២)។ ពេលណា​យើង​ផ្តោត​ទៅ​លើ​ចរិយា​សម្បត្តិ​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ ហើយ​ស្រែក​រក​ព្រះ​អង្គ ក្នុង​អំឡុង​ពេល​ដែលមាន​បញ្ហា យើង​នឹង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​(ខ.១៥)។

ពេល​ណា​យើង​ជួប​ការ​បាត់​បង់ ការ​ខក​ចិត្ត ឬ​ស្ថាន​ភាព​ដ៏​ពិបាក ព្រះ​ទ្រង់​អញ្ជើញ​យើង ឲ្យ​​ទូល​ថ្វាយ​ព្រះ​អង្គ​ ដោយ​ចិត្ត​ស្មោះត្រង់។ ​ព្រះ​អង្គ​អាច​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​ដែល​តែង​តែ​ប្រែ​ប្រួល និង​ឆ្លើយ​តប​សំណួរ​របស់​យើង។ ព្រះ​អង្គ​នៅ​តែគង់​នៅ​ជា​មួយ​យើង ហើយ​ជួយ​ឲ្យ​វិញ្ញាណ​យើង​ស្រស់​ថ្លា​ឡើង ដោយ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ។ សូម្បី​តែ​នៅ​ពេល​ណា​យើង​មានអារម្មណ៍​ថា ជីវិត​យើង​កំពុង​មាន​ភាព​ហិន​ហោច ព្រះ​អង្គ​នៅ​តែ​អាច​ធ្វើ​ឲ្យ​ក្តី​ជំនឿ​យើង​រឹង​មាំ​ឡើង។—Xochitl Dixon