ពេលដែលវេជ្ជបណ្ឌិតបានពិនិត្យសុខភាពកូនប្រុសដំបូងរបស់អ្នកស្រីឌីអាននេ បូកូ ឃីម(Diane Dokko Kim) រកឃើញថា កូននោះមានជម្ងឺអូទីហ្សិម គាត់ និងស្វាមីរបស់គាត់ក៏បានសោកសង្រេង ដោយត្រូវប្រឈមមុខនឹងការថែរក្សាកូនដែលពិការផ្លូវបញ្ញាអស់មួយជីវិត។ ក្នុងសៀវភៅដែលគាត់និពន្ធមានចំណងជើងថា ជំនឿដ៏រឹងមាំ គាត់បានទទួលស្គាល់ថា គាត់មានការពិបាក នៅក្នុងការផ្លាស់ប្តូរក្តីស្រមៃ និងការរំពឹងចង់បាន សម្រាប់អនាគតរបស់កូនប្រុសជាទីស្រឡាញ់របស់ពួកគេ។ ប៉ុន្តែ តាមរយៈដំណើរការដ៏ឈឺចាប់នេះ ពួកគេក៏បានដឹងថា ព្រះទ្រង់អាចគ្រប់គ្រងកំហឹង ការសង្ស័យ និងការភ័យខ្លាចរបស់ពួកគេ។ សព្វថ្ងៃនេះ ខណៈពេលដែលកូនប្រុសរបស់ពួកគេកំពុងតែឈានទៅរកភាពពេញវ័យ អ្នកស្រីឌីអាននេ ក៏បានប្រើបទពិសោធន៍របស់គាត់ ដើម្បីលើកទឹកចិត្តឪពុកម្តាយដទៃទៀត ដែលមានកូនពិការ។ គាត់ក៏បានប្រាប់គេ អំពីព្រះបន្ទូលសន្យាដ៏ស្ថិតស្ថេរ អំណាចដែលគ្មានដែនកំណត់ និងភាពស្មោះត្រង់ដែលពេញដោយក្តីស្រឡាញ់របស់ព្រះអង្គ។ គាត់បានលើកទឹកចិត្តគេថា ព្រះអង្គបានអនុញ្ញាតឲ្យយើងសោកសង្រេង ពេលណាក្តីស្រមៃ ការរំពឹងចង់បាន ឬផ្លូវនៃជីវិតយើងរលាយបាត់បង់។
ក្នុងបទគម្ពីរអេសាយ ជំពូក២៦ ហោរាអេសាយបានប្រកាសថា រាស្រ្តរបស់ព្រះអាចទុកចិត្តព្រះអម្ចាស់ជារៀងរហូត ព្រោះ “ព្រះទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។ ព្រះអង្គអាចទ្រទ្រង់យើង ដោយសន្តិភាពដ៏អស្ចារ្យ ក្នុងស្ថានភាពនីមួយៗ(ខ.១២)។ ពេលណាយើងផ្តោតទៅលើចរិយាសម្បត្តិដ៏ស្ថិតស្ថេររបស់ព្រះអង្គ ហើយស្រែករកព្រះអង្គ ក្នុងអំឡុងពេលដែលមានបញ្ហា យើងនឹងមានក្តីសង្ឃឹមឡើងវិញ(ខ.១៥)។
ពេលណាយើងជួបការបាត់បង់ ការខកចិត្ត ឬស្ថានភាពដ៏ពិបាក ព្រះទ្រង់អញ្ជើញយើង ឲ្យទូលថ្វាយព្រះអង្គ ដោយចិត្តស្មោះត្រង់។ ព្រះអង្គអាចគ្រប់គ្រងអារម្មណ៍របស់យើងដែលតែងតែប្រែប្រួល និងឆ្លើយតបសំណួររបស់យើង។ ព្រះអង្គនៅតែគង់នៅជាមួយយើង ហើយជួយឲ្យវិញ្ញាណយើងស្រស់ថ្លាឡើង ដោយក្តីសង្ឃឹមដ៏ស្ថិតស្ថេរ។ សូម្បីតែនៅពេលណាយើងមានអារម្មណ៍ថា ជីវិតយើងកំពុងមានភាពហិនហោច ព្រះអង្គនៅតែអាចធ្វើឲ្យក្តីជំនឿយើងរឹងមាំឡើង។—Xochitl Dixon