មានពេលមួយចៅប្រុសរបស់ខ្ញុំអាយុ៤ឆ្នាំ បានប្រាប់ជីដូនរបស់គាត់ ឈ្មោះខារី(Cari)ថា គាត់ដឹងថា ព្រះកំពុងតែគង់នៅកន្លែងណា។ ជីដូនគាត់ក៏បានសួរគាត់ថា តើព្រះអង្គគង់នៅកន្លែងណា? គាត់ក៏បានឆ្លើយថា ទ្រង់កំពុងមានព្រះជន្មគង់នៅ ក្នុងព្រៃក្បែរផ្ទះយើង។ ពេលដែលខារីប្រាប់ខ្ញុំអំពីការសន្ទនានេះ នាងឆ្ងល់ថា តើមានអ្វីជំរុញឲ្យចៅប្រុសគាត់មានការគិតដូចនេះ។ ខ្ញុំក៏បានឆ្លើយតបថា “ខ្ញុំដឹង។ កាលយើងដើរលេង ក្នុងព្រៃក្នុងអំឡុងពេលគាត់មកលេងយើងកាលលើកមុន ខ្ញុំបានប្រាប់គាត់ថា យើងមិនអាចមើលព្រះឃើញ តែយើងអាចឃើញការអ្វីដែលព្រះអង្គបានធ្វើ”។ ពេលដែលយើងដើរកាត់កន្លែងដែលមានខ្សាច់ច្រើន នៅជាប់មាត់ស្ទឹង ខ្ញុំក៏បានសួរគាត់ថា “ចៅមើលឃើញស្នាមជើងរបស់តាទេ? សត្វ និងដើមឈើ ហើយនិងស្ទឹង គឺប្រៀបបានស្នាមជើងរបស់ព្រះ។ យើងដឹងថា ព្រះអង្គក៏គង់នៅទីនេះផងដែរ ដោយសារយើងអាចមើលឃើញអ្វីៗដែលទ្រង់បានបង្កើត។”
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងជំពូក ១០៥ ក៏បានចង្អុលបង្ហាញភស្តុតាងនៃការបង្កើតរបស់ព្រះ ដោយលាន់មាត់ថា “”ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត”(ខ.២៤)។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរ ពាក្យ “ប្រាជ្ញា” ត្រូវបានប្រើជាញឹកញាប់ ដើម្បីពិពណ៌នា អំពីស្នាដៃបង្កើតដ៏ប៉ិនប្រសប់។ ស្នាព្រះហស្តរបស់ព្រះក្នុងធម្មជាតិប្រកាស់ អំពីព្រះវត្តមានរបស់ព្រះអង្គ ហើយធ្វើឲ្យយើងចង់សរសើរដំកើងព្រះអង្គ។
បទគម្ពីរទំនុកដំកើង ជំពូក១០៤ បានចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយពាក្យថា “ចូរសរសើរដល់ព្រះយេហូវ៉ា”(ខ.១,៣៥)។ ស្នាព្រះហស្តរបស់ព្រះអាទិករ ដែលនៅជុំវិញយើង រាប់ចាប់តាំងពីដៃរបស់ទារក រហូតដល់ភ្នែករបស់សត្វឥន្រ្ទី គឺសុទ្ធតែបានប្រាប់យើង អំពីប្រាជ្ញាដ៏អស្ចារ្យរបស់ទ្រង់។ ចូរយើងស្ញើចសរសើរប្រាជ្ញាព្រះអង្គ។—James Banks