មាន​ពេល​មួយ​ចៅ​ប្រុស​របស់​ខ្ញុំ​អាយុ​៤​ឆ្នាំ បាន​ប្រាប់​ជីដូន​របស់​គាត់ ឈ្មោះ​ខារី(Cari)ថា គាត់​ដឹង​ថា ព្រះ​កំពុង​តែ​គង់​នៅកន្លែង​ណា។ ជីដូន​គាត់​ក៏​បាន​សួរ​គាត់​ថា តើ​ព្រះអង្គ​គង់​នៅ​កន្លែង​ណា?​ គាត់​ក៏​បាន​ឆ្លើយ​ថា ទ្រង់​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​យើង។ ពេល​ដែល​ខារី​ប្រាប់​ខ្ញុំ​អំពី​ការ​សន្ទនា​នេះ នាង​ឆ្ងល់​ថា តើ​មាន​អ្វី​ជំរុញ​ឲ្យ​ចៅ​ប្រុស​គាត់​មាន​ការ​គិត​ដូចនេះ។ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ដឹង។ កាល​យើង​ដើរ​លេង ក្នុង​ព្រៃ​ក្នុង​អំឡុង​ពេល​គាត់​មក​លេង​យើង​កាល​លើក​មុន ខ្ញុំ​បានប្រាប់​គាត់​ថា យើង​មិន​អាច​មើល​ព្រះ​ឃើញ តែ​យើង​អាច​ឃើញ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ”។ ពេល​ដែល​យើង​ដើរ​កាត់​កន្លែងដែល​មាន​ខ្សាច់​ច្រើន នៅ​ជាប់​មាត់​ស្ទឹង ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា “ចៅ​មើល​ឃើញ​ស្នាម​ជើង​របស់​តា​ទេ? សត្វ និង​ដើម​ឈើ ហើយនិង​ស្ទឹង គឺ​​ប្រៀប​បាន​ស្នាម​ជើង​របស់​ព្រះ។ យើង​ដឹង​ថា ព្រះ​អង្គ​ក៏​គង់​នៅ​ទីនេះ​ផង​ដែរ ដោយ​សារ​យើង​អាច​មើល​ឃើញអ្វីៗ​ដែល​ទ្រង់​បាន​បង្កើត។”

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១០៥ ក៏​បាន​ចង្អុល​បង្ហាញ​ភស្តុតាង​នៃ​ការ​បង្កើត​របស់​ព្រះ ដោយ​លាន់​មាត់​ថា “”ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា ផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត”(ខ.២៤)។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ ពាក្យ “ប្រាជ្ញា” ត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់ ដើម្បី​ពិពណ៌នា អំពី​ស្នាដៃ​បង្កើត​ដ៏​ប៉ិន​ប្រសប់។ ស្នា​ព្រះ​ហស្ត​របស់​ព្រះក្នុង​ធម្មជាតិ​ប្រកាស់​ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ ហើយ​ធ្វើ​ឲ្យ​យើង​ចង់សរសើរ​ដំកើង​ព្រះ​អង្គ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៤ បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ ដោយ​ពាក្យ​ថា “ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា”(ខ.១,៣៥)។ ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ដែល​នៅ​ជុំវិញ​យើង រាប់​ចាប់​តាំង​ពី​ដៃ​របស់​ទារក រហូត​ដល់​ភ្នែក​របស់​សត្វ​ឥន្រ្ទី គឺ​សុទ្ធ​តែ​បានប្រាប់​យើង អំពី​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ចូរ​យើង​ស្ញើច​សរសើរ​ប្រាជ្ញា​ព្រះ​អង្គ។—James Banks