អស់ជាច្រើនឆ្នាំមកហើយ ដែលប្តីប្រពន្ធជនជាតិអង់គ្លេសមួយគូ ដែលកំពុងរស់នៅតំបន់អាហ្រ្វិកខាងលិច មានទំនាក់ទំនងដ៏រឹងមាំជាមួយបុរសម្នាក់ ក្នុងក្រុងដែលពួកគេរស់នៅ ហើយក៏បានចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ និងរឿងអំពីសេចក្តីសង្រ្គោះដល់គាត់។ ទោះជាយ៉ាងណាក៏ដោយ មិត្តភក្តិម្នាក់នេះមានការស្ទាក់ស្ទើរ នៅក្នុងការបោះបង់ចោលភាពស្មោះស្ម័គ្រ ចំពោះសាសនារបស់ជនជាតិគាត់ ទោះគាត់បានទទួលស្គាល់ថា សេចក្តីជំនឿលើព្រះគ្រីស្ទ ជាសេចក្តីពិត ដែលធំប្រសើរជាងក៏ដោយ។ គាត់ក៏មានការបារម្ភខ្លាចបាត់បង់ប្រាក់ចំណូល ព្រោះគាត់ជាអ្នកដឹកនាំម្នាក់ របស់សាសនានោះ ហើយពឹងផ្អែកលើប្រាក់ឧបត្ថម្ភពីអ្នកកាន់សាសនានោះ។ គាត់ក៏ខ្លាចបាត់បង់កត្តិយស ក្នុងសហគមន៍របស់គាត់។
គាត់ក៏បានពន្យល់ដោយចិត្តក្រៀមក្រំថា គាត់ប្រៀបដូចជាអ្នកនេសាទត្រីម្នាក់ ដែលរាវចាប់ត្រីក្នុងទឹកអូរ។ គាត់ចាប់បានត្រីតូចមួយ តែមានត្រីធំជាងបានហែលមកក្បែរគាត់។ ដើម្បីចាប់ត្រីធំជាង គាត់ត្រូវតែព្រលែងត្រីដែលតូចជាង។
បុរសអ្នកមានម្នាក់ ដែលមានចែងក្នុងបទគម្ពីរម៉ាថាយ ជំពូក ១៩ ក៏មានបញ្ហាស្រដៀងនេះផងដែរ។ ពេលដែលគាត់បានចូលមកក្បែរព្រះយេស៊ូវ គាត់ក៏បានទូលសួរព្រះអង្គថា “លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច?”(ខ.១៦)។ គាត់ហាក់ដូចជាសួរដោយចិត្តស្មោះត្រង់ ប៉ុន្តែ គាត់មិនចង់ថ្វាយជីវិតគាត់ទាំងស្រុង ដាច់ដល់ព្រះយេស៊ូវទេ។ គាត់មិនគ្រាន់តែជាអ្នកមានទ្រព្យស្តុកស្តម្ភប៉ុណ្ណោះទេ តែថែមទាំងមានមោទនៈភាពចំពោះខ្លួនឯង ដែលជាអ្នកកាន់តាមក្រឹត្យវិន័យ។ គាត់ចង់មានជីវិតអស់កល្ប តែគាត់នៅតែស្រឡាញ់អ្វីផ្សេងខ្លាំងជាង ហើយក៏បានបដិសេធន៍ព្រះបន្ទូលព្រះគ្រីស្ទ។ ពេលណាយើងបន្ទាបខ្លួនថ្វាយជីវិតដល់ព្រះយេស៊ូវ ហើយទទួលយកអំណោយនៃសេចក្តីសង្រ្គោះ ដោយឥតគិតថ្លៃ នោះព្រះអង្គត្រាស់ហៅយើងថា “ចូរមកតាមខ្ញុំ”(ខ.២១)។—Cindy Hess Kasper