អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ប្តី​ប្រពន្ធ​ជន​ជាតិ​អង់​គ្លេស​មួយ​គូ ដែល​កំពុង​រស់​នៅ​តំបន់​អាហ្រ្វិក​ខាង​លិច​ មាន​ទំនាក់​ទំនង​ដ៏រឹង​មាំ​ជា​មួយ​បុរស​ម្នាក់ ក្នុង​ក្រុង​ដែល​ពួក​គេ​រស់​នៅ ហើយ​ក៏​បាន​ចែក​ចាយ​ អំ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ និង​រឿង​អំពីសេចក្តី​សង្រ្គោះ​ដល់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិត្ត​ភក្តិ​ម្នាក់​នេះ​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​បោះ​បង់​ចោល​ភាព​ស្មោះស្ម័គ្រ ចំពោះ​សាសនា​របស់​ជន​ជាតិ​គាត់ ទោះ​គាត់​បាន​ទទួល​ស្គាល់​ថា សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ជា​សេចក្តី​ពិត ដែល​ធំ​ប្រសើរ​ជាង​ក៏ដោយ។ គាត់​ក៏​មាន​ការ​បារម្ភ​ខ្លាច​បាត់​បង់​ប្រាក់​ចំណូល ព្រោះ​គាត់​ជា​អ្នក​ដឹក​នាំ​ម្នាក់ របស់​សាសនា​នោះ ហើយ​ពឹង​ផ្អែក​លើប្រាក់​ឧបត្ថម្ភ​ពី​អ្នក​កាន់​សាសនា​នោះ។ គាត់​ក៏​ខ្លាច​បាត់​បង់​កត្តិ​យស ក្នុង​សហគមន៍​របស់​គាត់។

គាត់​ក៏​បាន​ពន្យល់​ដោយ​ចិត្ត​ក្រៀម​ក្រំ​ថា គាត់​ប្រៀប​ដូច​ជា​អ្នក​នេសាទ​ត្រី​ម្នាក់ ដែល​រាវ​ចាប់​ត្រី​ក្នុង​ទឹក​អូរ។ គាត់​ចាប់​បាន​ត្រី​តូច​មួយ តែ​មាន​ត្រី​ធំ​ជាង​បាន​ហែល​មក​ក្បែរ​គាត់។ ដើម្បី​ចាប់​ត្រី​ធំ​ជាង គាត់​ត្រូវ​តែ​ព្រលែង​ត្រី​ដែល​តូច​ជាង។

បុរស​អ្នក​មាន​ម្នាក់​ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក ១៩ ក៏​មាន​បញ្ហា​ស្រដៀង​នេះ​ផង​ដែរ។ ពេល​ដែល​គាត់​បាន​ចូលមក​ក្បែរ​ព្រះ​យេស៊ូវ គាត់​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច?”(ខ.១៦)។ គាត់​ហាក់​ដូច​ជា​សួរ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ប៉ុន្តែ គាត់​មិន​ចង់​ថ្វាយ​ជីវិត​គាត់​ទាំង​ស្រុង ដាច់​ដល់​ព្រះ​យេស៊ូវទេ​។ គាត់​មិន​គ្រាន់​តែ​ជា​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​មោទនៈ​ភាព​ចំពោះ​ខ្លួន​ឯង ដែល​ជា​អ្នក​កាន់​តាម​ក្រឹត្យ​វិន័យ។ គាត់​ចង់​មាន​ជីវិត​អស់​កល្ប​ តែ​គាត់​នៅ​តែ​ស្រឡាញ់​អ្វី​ផ្សេង​ខ្លាំង​ជាង ហើយ​ក៏​បាន​បដិសេធន៍​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​។ ពេល​ណា​យើង​បន្ទាប​ខ្លួន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ ហើយ​ទទួល​យក​អំណោយ​នៃ​សេចក្តី​សង្រ្គោះ ដោយ​ឥត​គិត​ថ្លៃ នោះ​ព្រះ​អង្គ​ត្រាស់​ហៅ​យើង​ថា “ចូរ​មក​តាម​ខ្ញុំ”(ខ.២១)។—Cindy Hess Kasper