ការរត់ប្រណាំងម៉ារ៉ាតុនសព្វថ្ងៃនេះ គឺមានប្រភពមកពីប្រវត្តិរបស់អ្នកនាំសារជនជាតិក្រិកម្នាក់ ឈ្មោះ ផាយឌីភីឌីស(Pheidippides)។ មានរឿងព្រេងមួយបានដំណាលថា នៅឆ្នាំ៤៩០ មុនគ្រីស្ទសករាជ គាត់បានរត់ចម្ងាយ៤០គីឡូម៉ែត្រ ពីក្រុងម៉ារ៉ាតុន ទៅទីក្រុងអាថែន ដើម្បីប្រកាស់ថា នគរក្រិកបានប្រយុទ្ធឈ្នះចក្រភពពើរស៊ី ដែលជាពួកឈ្លានពានដ៏ខ្លាំងពូកែ។ សព្វថ្ងៃនេះ គេចូលរួមការរត់ប្រណាំងម៉ារ៉ាតុន ដើម្បីសម្រេចជោគជ័យ និងបំពេញបំណងផ្ទាល់ខ្លួន ប៉ុន្តែ លោកផាយឌីភីឌីស មានគោលបំណងធំជាងនេះទៀត។ គ្រប់ជំហានដែលគាត់ឈានទៅមុខ នៅក្នុងការរត់នោះ គឺដើម្បីផ្សព្វផ្សាយដំណឹងល្អ ដ៏រីករាយ ដល់ជនរួមជាតិរបស់គាត់។
ប្រហែល៥រយឆ្នាំក្រោយមក មានស្រ្តីពីរនាក់ក៏បានរត់ ដើម្បីនាំដំណឹងល្អទៅប្រាប់គេ គឺដំណឹងដែលសំខាន់ជាងគេ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ នាងម៉ារា និងនាងម៉ារាម្នាក់ទៀត មកពីស្រុកម៉ាក់ដាឡា បានមកដល់ផ្នូរ ដែលព្រះសពព្រះយេស៊ូវត្រូវបានគេបញ្ចុះ ហើយក៏បានឃើញផ្នូរនោះនៅទទេ។ ទេវតាបានប្រាប់ពួកគេថា ព្រះយេស៊ូវ “មានព្រះជន្មរស់ឡើងវិញហើយ” ហើយក៏បាន “ប្រញាប់រត់ទៅប្រាប់ពួកសាវ័ករបស់ព្រះអង្គ”(ម៉ាថាយ ២៨:៧)។ ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់(ខ.៨)។
សូមយើងមានក្តីអំណរដ៏ពោរពេញ ចំពោះការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវផងដែរ ហើយសូមឲ្យការនេះបានបណ្តាលចិត្តយើង ឲ្យផ្សាយដំណឹងល្អដល់អ្នកដទៃ។ យើងប្រហែលមិនចាំបាច់ត្រូវ “រត់” ទៅណាឆ្ងាយឡើយ តែយើងអាចផ្សាយដំណឹងល្អដល់អ្នកជិតខាង អំពីព្រះអង្គសង្រ្គោះរបស់យើង។ ព្រះអង្គបានឈ្នះសេចក្តីស្លាប់ ក្នុងសង្រ្គាមខាងវិញ្ញាណ ដើម្បីឲ្យយើងអាចរស់នៅ ដោយជ័យជម្នះជាមួយព្រះអង្គជារៀងរហូត។—Kirsten Holmberg