ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​សព្វ​ថ្ងៃ​នេះ គឺ​មាន​ប្រភព​មក​ពី​ប្រវត្តិ​របស់​អ្នក​នាំ​សារ​ជន​ជាតិ​ក្រិក​ម្នាក់ ឈ្មោះ ផាយ​ឌីភីឌីស(Pheidippides)។ មាន​រឿង​ព្រេង​មួយ​បាន​ដំណាល​ថា នៅ​ឆ្នាំ​៤៩០ មុន​គ្រីស្ទ​សករាជ គាត់​បាន​រត់​ចម្ងាយ​៤០​គីឡូ​ម៉ែត្រ ពីក្រុង​ម៉ារ៉ាតុន ទៅ​ទីក្រុង​អាថែន ដើម្បី​ប្រកាស់​ថា នគរ​ក្រិក​បាន​ប្រយុទ្ធ​ឈ្នះ​ចក្រ​ភព​ពើរស៊ី ដែល​ជា​ពួក​ឈ្លាន​ពាន​ដ៏​ខ្លាំង​ពូកែ​។  សព្វ​ថ្ងៃ​នេះ គេ​ចូល​រួម​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន ដើម្បី​សម្រេច​ជោគ​ជ័យ និង​បំពេញ​បំណង​ផ្ទាល់​ខ្លួន ប៉ុន្តែ លោក​ផាយឌីភីឌីស មាន​គោល​បំណង​ធំ​ជាង​នេះ​ទៀត។ គ្រប់​ជំហាន​ដែល​គាត់​ឈាន​ទៅ​មុខ នៅ​ក្នុង​ការ​រត់​នោះ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ដ៏​រីក​រាយ ដល់​ជន​រួម​ជាតិ​របស់​គាត់។​

ប្រហែល​៥​រយ​ឆ្នាំ​ក្រោយ​មក មាន​ស្រ្តី​ពីរ​នាក់​ក៏​បាន​រត់ ដើម្បី​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​គេ គឺ​ដំណឹង​ដែល​សំខាន់​ជាង​គេ ក្នុងប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ។ នាង​ម៉ារា និង​នាង​ម៉ារា​ម្នាក់​ទៀត មក​ពី​ស្រុក​ម៉ាក់ដាឡា បាន​មក​ដល់​ផ្នូរ ដែល​ព្រះ​សព​ព្រះយេស៊ូវ​ត្រូវបាន​គេ​បញ្ចុះ ហើយ​ក៏​បាន​ឃើញ​ផ្នូរ​នោះ​នៅ​ទទេ។ ទេវតា​បាន​ប្រាប់​ពួក​គេ​ថា ព្រះ​យេស៊ូវ “មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ” ហើយ​ក៏​បាន “ប្រញាប់​រត់​ទៅ​ប្រាប់​ពួក​សាវ័ក​របស់​ព្រះ​អង្គ”(ម៉ាថាយ ២៨:៧)។ ស្ត្រី​២​នាក់​នោះ ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់(ខ.៨)។

សូម​យើង​មាន​ក្តី​អំណរ​ដ៏​ពោរ​ពេញ​ ចំពោះ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​ផង​ដែរ​ ហើយ​សូម​ឲ្យ​ការ​នេះ​បានបណ្តាល​ចិត្ត​យើង ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ។ យើង​ប្រហែល​មិន​ចាំ​បាច់​ត្រូវ “រត់” ទៅ​ណា​ឆ្ងាយ​ឡើយ តែ​យើង​អាចផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង អំពី​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង។ ព្រះ​អង្គ​បាន​ឈ្នះ​សេចក្តី​ស្លាប់​ ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ដោយ​ជ័យ​ជម្នះ​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​រហូត។—Kirsten Holmberg