លោកវិចទ័រ យូហ្គូ(Victor Hugo ឆ្នាំ១៨០២-១៨៨៥) ជា​កវី​កំណាព្យ និង​អ្នក​និពន្ធ​រឿង​ប្រលោម​លោក ក្នុង​អំឡុង​សម័យ​ដែល​មាន​ភាព​ចលាចល​ផ្នែក​សង្គម និង​នយោបាយ ក្នុង​ប្រទេស​បារាំង កាល​ពី​សតវត្សរ៍​ទី​១៩។ គាត់​ប្រហែល​ជា​មាន​ឈ្មោះល្បី ភាគ​ច្រើន ដោយ​សារ​រឿង​ប្រលោម​លោក​ដែល​គាត់​បាន​និពន្ធ មាន​ចំណង​ជើង​ថា ទុក្ខ​វេទនា ។ ប្រហែល​១​សតវត្សរ៍ក្រោយ​មក គេ​ក៏​បាន​ផលិត​ខ្សែ​វីដេអូ​ចម្រៀង ដោយ​ផ្អែក​ទៅ​លើ​រឿង​ប្រលោម​លោក​នេះ ដែល​ស្ថិត​ក្នុង​ចំណោម​ផលិត​កម្មដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត ក្នុង​ជំនាន់​របស់​យើង។ នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ។  ​លោក​យូហ្គូ​ធ្លាប់​បាន​និយាយ​ថា “តន្រ្តី​បង្ហាញ​ចេញ​នូវ​អ្វី​ដែល​គេ​មិន​អាច​និយាយ​ចេញ តែ​មិន​អាច​បិទ​មាត់ មិន​ឲ្យ​និយាយ​បាន”។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​ក៏​បាន​យល់​ស្រប​មតិ​គាត់​ផង​ដែរ។ បទ​ចម្រៀង និង​សេចក្តី​អធិស្ឋាន​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើងបាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ឆ្លុះ​បញ្ចាំង​ដ៏​ស្មោះ​ត្រង់ អំពី​ជីវិត និង​ការ​ឈឺ​ចាប់​ដែល​មិន​អាច​ជៀស​រួច។ បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​បានប៉ះ​ពាល់​ចិត្ត​យើង ត្រង់​ចំណុច​ដែល​ជ្រៅ​បំផុត ដែល​យើង​ពិបាក​ចូល​ទៅ​ដល់​ដោយ​ខ្លួន​ឯង។ ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៦:៦ ស្តេច​ដាវីឌ​បាន​ពោល​ទំនួញ​ថា “ទូលបង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូលបង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូលបង្គំ​ហូរ​ស្រោច​ដាប​គ្រែ”។

ការ​ឆ្លុះ​បញ្ចាំង​ដ៏​ស្មោះ​ត្រង់ នៅ​ក្នុង​បទ​ចម្រៀង ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង គឺ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ។​ ការ​នេះ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ថ្វាយ​ការ​ភ័យ​ខ្លាច​របស់​យើង​ដល់​ព្រះ ដែល​បាន​ស្វាគមន៍​យើង ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​នៃការ​កម្សាន្ត​ចិត្ត និង​ជំនួយ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​ឱប​យើង ដោយ​យល់​ចិត្ត​យើង ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។​

តន្រ្តី​អាច​ជួយ​ឲ្យ​យើង​បង្ហាញ​ចេញ​នូវ​អារម្មណ៍ ដែល​យើង​ពិបាក​បង្ហាញ​ចេញ​មក ដោយ​ពាក្យ​សម្តី ប៉ុន្តែ ទោះ​យើង​បង្ហាញចេញ​មក ដោយ​ការ​ច្រៀង ការ​អធិស្ឋាន ឬ​ការ​ទួញ​យំ​ដោយ​ស្ងាត់​ស្ងៀម​ក្តី​ ព្រះ​ហស្ត​របស់​ព្រះ​អង្គនឹង​ប៉ះ​កន្លែង​ដែល​ជ្រៅ​បំផុត ក្នុង​ចិត្ត​យើង ហើយ​ប្រទាន​សន្តិ​ភាព​របស់​ព្រះ​អង្គ មក​យើង​រាល់​គ្នា។—Bill Crowder