បុរសពីរនាក់ ដែលគេបាននឹកចាំថា បានបម្រើអ្នកដទៃ ថ្វាយព្រះយេស៊ូវ បានបោះបង់អាជីពរបស់ខ្លួន នៅក្នុងវិស័យសិល្បៈដើម្បីប្តេជ្ញាចិត្តធ្វើកិច្ចការដែលពួកគេជឿថា ព្រះបានត្រាស់ហៅពួកគេ។ លោកចេមស៍ អូ ហ្វ្រាស័រ(James O. Fraser ឆ្នាំ ១៨៨៦-១៨៣៨) បានសម្រេចចិត្តឈប់ដេញតាមអាជីពជាអ្នកលេងព្យាណូក្នុងសាលមហោស្រព ក្នុងប្រទេសអង់គ្លេស ដើម្បីទៅបម្រើប្រជាជនលីស៊ូ ក្នុងប្រទេសចិន។ ចំណែកឯលោកយុដសិន វ៉ាន ដឺវែនធ័រ(Judson Van DeVenter ឆ្នាំ១៨៥៥ ដល់ ១៩៣៩) ដែលជាជនជាតិអាមេរិកវិញ បានសម្រេចចិត្តធ្វើជាអ្នកផ្សាយដំណឹងល្អ ជាជាងដេញតាមអាជីពជាសិល្បៈករ។ ក្រោយមក គាត់ក៏បានសរសេរថា គាត់បានលះបង់ទាំងអស់។
អាជីពក្នុងវិស័យសិល្បៈ ជាការត្រាស់ហៅដ៏ល្អឥតខ្ចោះសម្រាប់មនុស្សជាច្រើន ប៉ុន្តែ បុរសទាំងពីរនាក់នេះបានជឿថា ព្រះបានត្រាស់ហៅពួកគេ ឲ្យលះបង់អាជីពដែលខ្លួនស្រឡាញ់ ដើម្បីបម្រើព្រះអង្គ។ ពួកគេប្រហែលជាបានទទួលការបណ្តាលចិត្ត ពីរឿងដែលព្រះយេស៊ូវបានប្រាប់បុរសដែលជាអ្នកដឹកនាំ និងអ្នកមានវ័យក្មេងម្នាក់ ឲ្យលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីដើរតាមព្រះអង្គ(ម៉ាកុស ១០:១៧-២៥)។ ពេលនោះលោកពេត្រុសក៏បាននិយាយថា “យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ” (ខ.២៨)។ ព្រះយេស៊ូវបានធានាគាត់ថា ព្រះទ្រង់នឹងប្រទានពរ ១ជា១រយ ដល់អ្នកដើរតាមព្រះអង្គ ក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច(ខ.៣០)។ តែទ្រង់នឹងប្រទាន ស្របតាមប្រាជ្ញារបស់ទ្រង់ គឺដូចដែលទ្រង់មានបន្ទូលថា “នឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ”(ខ.៣១)។
ទោះព្រះទ្រង់បានដាក់យើងនៅកន្លែងណាក៏ដោយ ព្រះអង្គបានត្រាស់ហៅយើង ឲ្យលះបង់ជីវិតយើងរៀងរាល់ថ្ងៃ ដល់ព្រះគ្រីស្ទ ដោយស្តាប់បង្គាប់តាមការត្រាស់ហៅដ៏សុភាពរបស់ទ្រង់ ឲ្យដើរតាម និងបម្រើទ្រង់ តាមអំណោយទាន និងធនធានយើង ទោះនៅផ្ទះ នៅការិយាល័យ សហគមន៍ ឬនៅឆ្ងាយពីផ្ទះក្តី។ ពេលណាយើងដើរតាមព្រះអង្គ ព្រះអង្គនឹងបណ្តាលចិត្តយើងឲ្យស្រឡាញ់អ្នកដទៃ ដោយចាត់ទុកតម្រូវការរបស់ពួកគេ សំខាន់ជាងតម្រូវការរបស់យើង។—Amy Boucher Pye