នៅក្បែរផ្ទះខ្ញុំ មានហាងលក់គ្រឿងបរិក្ខាក្នុងផ្ទះមួយ ដែលមានប៊ូតុងពណ៌បៃតងធំមួយ សម្រាប់ឲ្យភ្ញៀវមកទិញឥវ៉ាន់ចុច ពេលដែលគេមិនឃើញអ្នកលក់។ បន្ទាប់ពីអ្នកចុចបាន១នាទីហើយ នៅមិនឃើញមាននរណាម្នាក់មកសួរនាំ នោះអ្នកនឹងទទួលការបញ្ចុះតម្លៃ សម្រាប់ការទិញទំនិញនៅទីនោះ។
យើងចង់ធ្វើជាអតិថិជន ដែលបានទទួលសេវ៉ាកម្មឆាប់រហ័ស ប៉ុន្តែ តម្រូវការនូវសេវ៉ាកម្មឆាប់រហ័ស ច្រើនតែនាំឲ្យមានការលំបាកខ្លាំង ដល់អ្នកផ្តល់សេវ៉ាកម្ម។ ដូចនេះ សព្វថ្ងៃនេះ មនុស្សជាច្រើនមានការប្រញាប់ប្រញាល់ នៅក្នុងការធ្វើការងារ ការធ្វើការបន្ថែមម៉ោង និងការបើកមើលអ៊ីមែលជាច្រើនដង ក្នុងមួយថ្ងៃ ហើយក៏ទទួលរងសម្ពាធឲ្យធ្វើការឲ្យទាន់កាលវិភាគ។ យុទ្ធសាស្រ្តសេវ៉ាកម្មទាន់ចិត្តរបស់ហាងទំនិញនោះ គឺបានឆ្លុះបញ្ចាំងអំពីវប្បធម៌នៃភាពប្រញាប់ប្រញាល់ ដែលបានជ្រាបចូលក្នុងជីវិតយើង។
ពេលដែលព្រះទ្រង់ប្រាប់រាស្រ្តអ៊ីស្រាអែលឲ្យរក្សាថ្ងៃឈប់សម្រាក ទ្រង់បានប្រាប់ពួកគេឲ្យនឹកចាំ អំពីពេលដែលពួកគេជាប់ជាទាសករ ក្នុងទឹកដីអេស៊ីព្ទ(ចោទិយថា ៥:១៥)។ កាលនោះ គេបានបង្ខំពួកគេឲ្យធ្វើការ ដោយគ្មានថ្ងៃឈប់សម្រាក តាមការកំណត់ពេលច្រើនជ្រុលរបស់ស្តេចផារ៉ោន(និក្ខមនំ ៥:៦-៩)។ បន្ទាប់ពីពួកគេមានសេរីភាពហើយ នោះពួកគេត្រូវឲ្យខ្លួនពួកគេ និងអ្នកបម្រើរបស់ពួកគេមានពេលសម្រាក មួយថ្ងៃពេញ ក្នុងសប្តាហ៍នីមួយៗ(ចោទិយកថា ៥:១៤)។ នៅក្រោមការគ្រប់គ្រងរបស់ព្រះ គ្មាននរណាដែលត្រូវធ្វើការបាក់កម្លាំង ដោយគ្មានពេលឈប់សម្រាកទៀតឡើយ។
តើមានពេលប៉ុន្មានដងហើយ ដែលអ្នកធ្វើការទាល់តែបាក់កម្លាំង ឬខ្វះការអត់ធ្មត់ ចំពោះអ្នកដែលធ្វើឲ្យអ្នករង់ចាំ? ចូរយើងឲ្យខ្លួនឯង និងអ្នកដទៃមានពេលសម្រាក។ វប្បធម៌នៃការប្រញាប់ប្រញាល់ដោយគ្មានការសម្រាក គឺជាវប្បធម៌របស់ស្តេចផារ៉ោន គឺមិនមែនជាវប្បធម៌របស់ព្រះនោះទេ។—Sheridan Voysey