ចេសិន(Jason)បានស្រែកទ្រហោយំ ពេលដែលឪពុកម្តាយគាត់បានប្រគល់គាត់ ឲ្យទៅអេមី(Amy)។ នេះជាលើកទីមួយហើយ ដែលក្មេងអាយុ២ឆ្នាំម្នាក់នេះ បានចូលកន្លែងទទួលមើលក្មេង ខណៈពេលដែលឪពុកម្តាយគាត់ចូលរួមកម្មវិធីថ្វាយបង្គំព្រះ ហើយគាត់មិនសប្បាយចិត្តសោះ។ អេមីបានធានាថា នាងនឹងមើលគាត់ឲ្យបានល្អ។ នាងបានព្យាយាមលួងគាត់ ដោយប្រើរបស់ក្មេងលេង និងសៀវភៅ ដោយដាក់គាត់ក្នុងកៅអីបាស់បើក ដើរចុះឡើង ឈរនៅទ្រឹងមួយកន្លែង និងជជែកជាមួយគាត់ អំពីការកម្សាន្តដែលគាត់ចូលចិត្ត។ ប៉ុន្តែ ដំណោះស្រាយនីមួយៗសុទ្ធតែទទួលបាននូវការស្រែកយំ និងទឹកភ្នែកកាន់តែខ្លាំង។ បន្ទាប់មក នាងក៏បានខ្សិបដាក់ត្រចៀកគាត់ នូវពាក្យដ៏សាមញ្ញ៥ម៉ាត់ថា “ខ្ញុំមិនទៅណាចោលអ្នកទេ”។ សន្តិភាព និងការកម្សាន្តចិត្តក៏បានកើតមានយ៉ាងឆាប់រហ័ស ក្នុងចិត្តគាត់។
ព្រះយេស៊ូវក៏បានប្រទានមិត្តសំឡាញ់ទ្រង់ នូវពាក្យកម្សាន្តចិត្តស្រដៀងនេះផងដែរ ក្នុងអំឡុងសប្តាហ៍ នៃការសុគតរបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ព្រះវរបិតា …ទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(យ៉ូហាន ១៤:១៦-១៧)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏បានសន្យាថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០)។ បន្ទាប់ពីព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ព្រះអង្គក៏បានចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅក្នុងរាស្រ្តទ្រង់។
យើងអាចពិសោធន៍នឹងការកម្សាន្តចិត្ត និងសន្តិភាពនៃព្រះវិញ្ញាណបរិសុទ្ធ ពេលណាទឹកភ្នែកយើងធ្លាក់ចុះមក។ យើងទទួលការដឹកនាំពីព្រះអង្គ ពេលណាយើងមិនដឹងថាត្រូវធ្វើអ្វី(យ៉ូហាន ១៤:២៦)។ ព្រះអង្គបើកភ្នែកយើង ឲ្យស្គាល់ព្រះកាន់តែច្បាស់(អេភេសូរ ១:១៧-២០) ហើយព្រះអង្គជួយយើង ក្នុងភាពកម្សោយរបស់យើង ហើយអធិស្ឋានឲ្យយើងផងដែរ(រ៉ូម ៨:២៦-២៧)។
ព្រះអង្គគង់នៅជាមួយយើងជារៀងរហូត។—Anne Cetas