លោក​ចូ(Joe) បាន​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ លើស​១២​ម៉ោង ហើយ​ជា​ញឹក​ញាប់ គាត់​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​ទេ។ ការ​ងារ​មនុស្សធម៌​របស់​គាត់ បាន​ទាម​ទារ​ពេល​វេលា និង​កម្លាំង​ជា​ច្រើន ពី​គាត់ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់ មិន​សូវ​មាន​ពេល​ និង​កម្លាំង ដើម្បី​នៅ​ក្បែរប្រពន្ធ​កូន​របស់​គាត់ ពេល​គាត់​នៅ​ផ្ទះ។ បន្ទាប់​ពី​ជម្ងឺ​ស្ត្រេស​ដ៏​រាំរ៉ៃ​បាន​បណ្តាល​ឲ្យ​គាត់​ចូល​ពេទ្យ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​បានរៀប​ចំ​មនុស្ស​មួយ​ក្រុម ឲ្យ​ជួយ​គាត់។ គាត់​មាន​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ការ​ប្រគល់​ការ​គ្រប់​គ្រង​មុខ​ជំនួញ​ឲ្យ​ទៅ​អ្នក​ដទៃ តែ​គាត់ក៏​ដឹង​ផង​ដែរ​ថា គាត់​មិន​អាច​ធ្វើ​ការ​ដូច​មុន​បាន​ទេ។ គាត់​ក៏​បាន​ព្រម​ទុក​ចិត្ត​ព្រះ និង​មិត្ត​ភក្តិ​គាត់​ ខណៈ​ពេល​ដែល​គាត់ ប្រគល់​ការ​ទទួល​ខុស​ត្រូវ ឲ្យ​ទៅ​មនុស្ស​មួយ​ក្រុម ដែល​ពួក​គេ​បាន​ជ្រើស​រើស​ជា​មួយ​គ្នា។ មួយ​ឆ្នាំ​ក្រោយ​មក លោក​ចូ ក៏​បាន​ទទួល​ស្គាល់​ថា ការងារ​មនុស្ស​ធម៌ និង​ក្រុម​គ្រួសារ​របស់​គាត់ មិន​អាច​មាន​ការ​រីក​ចម្រើន​បាន​ឡើយ បើ​សិន​ជា​គាត់​មិន​ព្រម​ទទួល​ជំនួយ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ទេនោះ។

ព្រះ​ទ្រង់​មិន​បាន​រៀប​ចំ​មនុស្ស សម្រាប់​ឲ្យ​លូត​លាស់ ដោយ​គ្មាន​ជំនួយ​ពី​សហគមន៍​ដែល​មាន​ក្តី​ស្រឡាញ់​នោះ​ឡើយ។ ក្នុងបទ​គម្ពីរ និក្ខមនំ ១៨ លោក​ម៉ូសេ​បាន​ដឹក​នំា ពួក​អ៊ីស្រាអែល​កាត់​វាល​រហោ​ស្ថាន។ គាត់​បាន​ព្យាយាម​បម្រើ​រាស្រ្ត​របស់​ព្រះ ក្នុង​នាម​ជា​គ្រូ​បង្រៀន អ្នក​ប្រឹក្សា​យោបល់ និង​ចៅ​ក្រម​តែ​ម្នាក់​ឯង។ ពេល​ដែល​ឪពុក​ក្មេក​គាត់​មក​លេង​គាត់ ក៏​បាន​ឲ្យ​យោបល​គាត់ថា “ឯង​នឹង​ថយ​កំឡាំង​ទៅ ព្រម​ទាំង​កំឡាំង​នៃ​បណ្តាជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ”(និក្ខមនំ ១៨:១៨)។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​លោក​ម៉ូសេ ឲ្យ​ចែក​រំលែក​បន្ទុក​ការងារដល់​អ្នក​ដទៃ​ទៀត ដែល​ស្មោះ​ត្រង់។ លោក​ម៉ូសេ​ក៏​បាន​ទទួល​ជំនួយ​ពី​គេ ហើយ​ការ​នេះ​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​សហគមន៍។​

ពេល​ដែល​យើង​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង និង​តាម​រយៈ​រាស្រ្ត​ទ្រង់​ទាំង​អស់​ ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​រួម​គ្នា នោះ​យើង​នឹង​អាច​រក​ឃើញ​ការ​សម្រាក។​—Xochitl Dixon