លោកចូ(Joe) បានធ្វើការក្នុងមួយថ្ងៃ លើស១២ម៉ោង ហើយជាញឹកញាប់ គាត់មិនមានថ្ងៃឈប់សម្រាកទេ។ ការងារមនុស្សធម៌របស់គាត់ បានទាមទារពេលវេលា និងកម្លាំងជាច្រើន ពីគាត់ ជាហេតុធ្វើឲ្យគាត់ មិនសូវមានពេល និងកម្លាំង ដើម្បីនៅក្បែរប្រពន្ធកូនរបស់គាត់ ពេលគាត់នៅផ្ទះ។ បន្ទាប់ពីជម្ងឺស្ត្រេសដ៏រាំរ៉ៃបានបណ្តាលឲ្យគាត់ចូលពេទ្យ មិត្តភក្តិរបស់គាត់ម្នាក់បានរៀបចំមនុស្សមួយក្រុម ឲ្យជួយគាត់។ គាត់មានការភ័យខ្លាច នៅក្នុងការប្រគល់ការគ្រប់គ្រងមុខជំនួញឲ្យទៅអ្នកដទៃ តែគាត់ក៏ដឹងផងដែរថា គាត់មិនអាចធ្វើការដូចមុនបានទេ។ គាត់ក៏បានព្រមទុកចិត្តព្រះ និងមិត្តភក្តិគាត់ ខណៈពេលដែលគាត់ ប្រគល់ការទទួលខុសត្រូវ ឲ្យទៅមនុស្សមួយក្រុម ដែលពួកគេបានជ្រើសរើសជាមួយគ្នា។ មួយឆ្នាំក្រោយមក លោកចូ ក៏បានទទួលស្គាល់ថា ការងារមនុស្សធម៌ និងក្រុមគ្រួសាររបស់គាត់ មិនអាចមានការរីកចម្រើនបានឡើយ បើសិនជាគាត់មិនព្រមទទួលជំនួយដែលព្រះទ្រង់បានប្រទានទេនោះ។
ព្រះទ្រង់មិនបានរៀបចំមនុស្ស សម្រាប់ឲ្យលូតលាស់ ដោយគ្មានជំនួយពីសហគមន៍ដែលមានក្តីស្រឡាញ់នោះឡើយ។ ក្នុងបទគម្ពីរ និក្ខមនំ ១៨ លោកម៉ូសេបានដឹកនំា ពួកអ៊ីស្រាអែលកាត់វាលរហោស្ថាន។ គាត់បានព្យាយាមបម្រើរាស្រ្តរបស់ព្រះ ក្នុងនាមជាគ្រូបង្រៀន អ្នកប្រឹក្សាយោបល់ និងចៅក្រមតែម្នាក់ឯង។ ពេលដែលឪពុកក្មេកគាត់មកលេងគាត់ ក៏បានឲ្យយោបលគាត់ថា “ឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ”(និក្ខមនំ ១៨:១៨)។ គាត់ក៏បានលើកទឹកចិត្តលោកម៉ូសេ ឲ្យចែករំលែកបន្ទុកការងារដល់អ្នកដទៃទៀត ដែលស្មោះត្រង់។ លោកម៉ូសេក៏បានទទួលជំនួយពីគេ ហើយការនេះមានប្រយោជន៍យ៉ាងខ្លាំង ចំពោះសហគមន៍។
ពេលដែលយើងទុកចិត្តថា ព្រះទ្រង់ធ្វើការនៅក្នុង និងតាមរយៈរាស្រ្តទ្រង់ទាំងអស់ ខណៈពេលដែលយើងធ្វើការរួមគ្នា នោះយើងនឹងអាចរកឃើញការសម្រាក។—Xochitl Dixon