នៅសតវត្សរ៍ទី៧ ចក្រភពអង់គ្លេស ជាទឹកដី ដែលមាននគរជាច្រើន ដែលមានសង្រ្គាមជាមួយគ្នាជាញឹកញាប់។ ពេលដែលស្តេចមួយអង្គ ព្រះនាម អូស្វ៊ល នៃនគរនតសាំព្រា(Oswald of Northumbria) ក្លាយជាអ្នកជឿព្រះយេស៊ូវ គាត់ក៏បានអំពាវនាវ ឲ្យមានបេសកជនម្នាក់ នាំដំណឹងល្អ ចូលតំបន់របស់ទ្រង់។ គេក៏បានចាត់បុរសម្នាក់ឈ្មោះ ឃរមែន(Corman) ឲ្យទៅផ្សាយដំណឹងល្អនៅទីនោះ តែអ្វីៗមិនមានដំណើរការល្អ។ គាត់ឃើញជនជាតិអង់គ្លេសមានចិត្ត “រឹងចចេស” មានអត្តចរិត ដូចមនុស្សព្រៃ ហើយមិនចាប់អារម្មណ៍ ចំពោះការបង្រៀនរបស់គាត់ ដូចនេះ គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ ដោយចិត្តនឿយណាយ។
អ្នកបម្រើព្រះម្នាក់ទៀតឈ្មោះ អេដិន(Aidan) ក៏បានប្រាប់ទៅលោកឃរមិនថា ការបង្រៀនរបស់គាត់ លើសពីកំរិត ដែលអ្នកស្តាប់របស់គាត់អាចយល់បាន។ គាត់មិនបានផ្តល់ឲ្យប្រជាជននៅនគរនតសាំព្រា នូវ “គោលលទ្ធិងាយៗ ដែលប្រៀបដូចជាទឹកដោះខាងវិញ្ញាណ”នោះទេ តែគាត់បានផ្តល់ឲ្យពួកគេ នូវការបង្រៀន ដែលពួកគេមិនទាន់អាចយល់ដល់។ លោកអេដិនក៏បានទៅនគរនតសំាព្រា ហើយក៏បានបង្រៀនប្រជាជននៅទីនោះ តាមកំរិតនៃការយល់ដឹងរបស់គេ។ មនុស្សរាប់ពាន់នាក់ក៏បានទទួលជឿព្រះយេស៊ូវ។
ត្រង់ចំណុចនេះ លោកអេដិន ធ្វើបេសកកម្ម ដោយយល់ស្ថានភាព ដោយផ្អែកទៅលើព្រះគម្ពីរ។ គឺដូចដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងកូរិនថូសថា “ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ”(១កូរិនថូស ៣:២)។ បទគម្ពីរហេព្រើរ បានចែងថា មុនពេលយើងអាចរស់នៅជាគ្រីស្ទបរិស័ទ ឲ្យបានត្រឹមត្រូវ យើងត្រូវយល់ការបង្រៀនជាមូលដ្ឋាន អំពីព្រះយេស៊ូវ ការប្រែចិត្ត និងការទទួលបុណ្យជ្រមុជទឹក(ហេព្រើរ ៥:១៣-៦:២)។ បន្ទាប់មក យើងអាចពេញវ័យខាងវិញ្ញាណ(៥:១៤) ដែលនេះជាលំដាប់លំដោយ ដែលយើងមិនត្រូវមើលរំលង។ ទឹកដោះ ត្រូវមកមុនសាច់។ មនុស្សមិនអាចស្តាប់បង្គាប់តាម ការបង្រៀន ដែលពួកគេមិនយល់នោះឡើយ។
ទីបំផុត ប្រជាជននៅនគរនតសាំព្រា ក៏បានផ្សព្វផ្សាយជំនឿរបស់ខ្លួនពាសពេញចក្រភពអង់គ្លេស និងទៅដល់ប្រទេសក្រៅទៀត។ ពេលណាយើងផ្សាយដំណឹងល្អដល់អ្នកដទៃ យើងចាំបាច់ត្រូវយល់អំពីកំរិតដែលពួកគេអាចយល់។—Sheridan Voysey