គេប្រហែលជាបានទម្លាក់កំហុសមកលើសត្វគោមួយក្បាល យ៉ាងធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្ត។ យើងមិនដឹងថា មេគោមួយក្បាលនោះឈ្មោះ ដេស៊ី(Daisy) ម៉ាដេលីន(Madeline) ឬ គ្វែនដូលីន(Gwendolyn)នោះទេ ប៉ុន្តែ មេគោរបស់អ្នកស្រី អូ លារី(O’Leary) បានទទួលរងការចោទប្រកាន់ថា បានបង្កឲ្យមានភ្លើងឆេះទីក្រុងឈីកាហ្គោ ដែលបណ្តាលឲ្យប្រជាជន១ភាគ៣បាត់បង់ផ្ទះសំបែង។ ភ្លើងបានឆាបឆេះផ្ទះឈើទាំងនោះយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង ហើយក៏បានបន្តឆេះអស់បីថ្ងៃ ព្រមទាំងបានឆក់យកជីវិតមនុស្សជិត៣រយនាក់។
ប៉ុន្មានឆ្នាំក្រោយមក មនុស្សជាច្រើនជឿថា ភ្លើងនោះបានចាប់ផ្តើមឆាបឆេះ ពេលដែលមេគោមួយក្បាល បានធ្វើឲ្យចង្កៀងដួល បណ្តាលឲ្យភ្លើងឆេះជង្រុក។ បន្ទាប់ពីមានការស្រាវជ្រាវបន្ថែម ប្រហែល១២៦ឆ្នាំក្រោយមក មន្ទីរប៉ូលិស និងមន្ទីរពន្លត់អគ្គីភ័យរបស់ទីក្រុងនេះ ក៏បានលប់ចោលការចោទប្រកាន់ មកលើមេគោ និងម្ចាស់របស់វា ហើយក៏បានយល់ឃើញថា អគ្គីភ័យនោះ ប្រហែលជាបានបង្គរឡើង ដោយអ្នកជិតខាងរបស់ម្ចាស់គោនោះទេ។
ជាញឹកញាប់ ការស្វែងរកយុត្តិធម៌ត្រូវការពេលវេលា ហើយព្រះគម្ពីរប៊ីបក៏បានទទួលស្គាល់ថា ការស្វែងរកយុត្តិធម៌មានការពិបាកប៉ុណ្ណា។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣ ស្តេចដាវីឌបានប្រើពាក្យ “តើដល់កាលណា?” ចំនួន៤ដង។ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត? តើដល់អស់កល្បឬអី?តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា? ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ?(ខ.១-២)។ ប៉ុន្តែ នៅក្នុងពាក់កណ្តាលនៃបទទំនួញនេះ ទ្រង់បានរកឃើញហេតុផល ដែលត្រូវមានជំនឿ និងក្តីសង្ឃឹម។ គឺដូចដែលទ្រង់បានពោលថា “ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ”(ខ.៥)។
ការស្វែងរកយុត្តិធម៌អាចមានការពន្យាពេល តែសេចក្តីសប្បុរស ឬសេចក្តីស្រឡាញ់របស់ព្រះ មិនដែលធ្វើឲ្យយើងខកចិត្តឡើយ។ យើងអាចទុកចិត្ត និងសម្រាកក្នុងព្រះអង្គ មិនមែនតែក្នុងពេលបច្ចុប្បន្ន តែអស់កល្បជានិច្ច។—James Banks