គេ​ប្រហែល​ជា​បាន​ទម្លាក់​កំហុស​មក​លើ​សត្វ​គោ​មួយ​ក្បាល ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត។ យើង​មិន​ដឹង​ថា មេគោ​មួយ​ក្បាល​នោះ​ឈ្មោះ ដេស៊ី(Daisy) ម៉ាដេលីន(Madeline) ឬ គ្វែនដូលីន(Gwendolyn)​នោះ​ទេ ប៉ុន្តែ មេគោ​របស់​អ្នក​ស្រី អូ លារី(O’Leary) បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ទីក្រុង​ឈីកាហ្គោ ដែល​បណ្តាល​ឲ្យ​ប្រជាជន​១​ភាគ​៣បាត់​បង់​ផ្ទះ​សំបែង។ ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​​​​​​​​​​​ឈើ​ទាំង​នោះ​យ៉ាង​ឆាប់​រហ័ស ដោយសារ​ខ្យល់​បក់​ខ្លាំង ហើយ​ក៏​បាន​បន្ត​ឆេះ​អស់​បី​ថ្ងៃ ព្រម​ទាំង​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត​៣​រយ​នាក់។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក មនុស្ស​ជា​ច្រើន​ជឿ​ថា ភ្លើង​នោះ​បាន​ចាប់​ផ្តើម​ឆាប​ឆេះ ពេល​ដែល​មេគោ​មួយ​ក្បាល បាន​ធ្វើ​ឲ្យ​ចង្កៀង​ដួល បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ជង្រុក។​ បន្ទាប់ពី​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម ប្រហែល​១២៦​ឆ្នាំ​ក្រោយ​មក មន្ទីរ​ប៉ូលិស និង​មន្ទីរ​ពន្លត់​អគ្គីភ័យ​របស់​ទីក្រុង​នេះ ក៏​បាន​លប់​ចោល​ការ​ចោទ​ប្រកាន់ មក​លើ​មេគោ និង​ម្ចាស់​របស់​វា ហើយ​ក៏​បាន​យល់​ឃើញ​ថា អគ្គីភ័យ​នោះ ប្រហែល​ជា​បាន​បង្គរ​ឡើង ដោយ​អ្នក​ជិត​ខាង​របស់​ម្ចាស់​គោ​នោះ​ទេ។

ជា​ញឹក​ញាប់ ការ​ស្វែង​រក​យុត្តិធម៌​ត្រូវ​ការ​ពេល​វេលា ហើយ​ព្រះគម្ពីរ​ប៊ីប​ក៏​បាន​ទទួល​ស្គាល់​ថា ការ​ស្វែង​រក​យុត្តិធម៌​មាន​ការ​ពិបាក​ប៉ុណ្ណា។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣ ស្តេច​ដាវីឌ​បាន​ប្រើ​ពាក្យ “តើ​ដល់​កាល​ណា?” ចំនួន​៤​ដង។ តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត? តើ​ដល់​អស់កល្ប​ឬ​អី?តើ​នឹង​លាក់​ព្រះភក្ត្រ​ទ្រង់​ចំពោះ ទូលបង្គំ​ដល់​កាល​ណា? តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា? ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ ខ្មាំងសត្រូវ​នឹង​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ?(ខ.១-២)។ ប៉ុន្តែ​ នៅ​ក្នុង​ពាក់កណ្តាល​នៃ​បទ​ទំនួញ​នេះ ទ្រង់​បាន​រក​ឃើញ​ហេតុ​ផល ដែល​ត្រូវ​មាន​ជំនឿ និង​ក្តី​សង្ឃឹម។ គឺ​ដូច​ដែល​ទ្រង់​បាន​ពោល​ថា “ប៉ុន្តែ​ទូលបង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែរ”(ខ.៥)។

ការ​ស្វែង​រក​យុត្តិធម៌​អាច​មាន​ការ​ពន្យា​ពេល តែ​សេចក្តី​សប្បុរស ឬ​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ​។ យើង​អាច​ទុក​ចិត្ត និង​សម្រាក​ក្នុង​ព្រះ​អង្គ មិន​មែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ​អស់​កល្ប​ជា​និច្ច។​—James Banks