មាន​ពេល​មួយ ខ្ញុំ​បាន​សិក្សា​អំពី​អ្នក​ស្រី ខាត់ធ័ររីន ហាំលីន (Catherine Hamlin) ដែល​ជា​គ្រូ​ពេទ្យ​វះ​កាត់​សញ្ជាតិ​អូស្រ្តាលី ដ៏​គួរ​ឲ្យ​កត់​សំគាល់ ពេល​ដែល​ខ្ញុំ​បាន​អាន​ដំណឹង​មរណៈ​ភាព​របស់​គាត់ ដែល​បាន​ចុះ​ផ្សា​យ​តាម​សារ​ព័ត៌មាន។ កាល​អ្នក​ស្រី​ខាត់ធ័ររីន និង​ស្វាមី​គាត់ នៅ​ប្រទេស​អេធីយ៉ូពី ពួក​គេ​បាន​បង្កើត​មន្ទីរ​ពេទ្យ​ដំបូង​គេ ដែល​បើក​ព្យាបាល​តែ​ស្រ្តី ដែល​បាន​ទទួល​រង​របួស​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ដោយសារ​របួស​ក្រោយ​ពេល​សម្រាល​កូន ដែល​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ គេ​បាន​ទទួល​ស្គាល់​ថា អ្នកស្រី​ខាត់ធ័ររីន​បាន​មើល​ការ​ខុស​ត្រូវ មក​លើ​ការ​ព្យាបាល​ស្រ្តី​ជាង​៦​ម៉ឺន​នាក់។​

គាត់​នៅ​តែ​បន្ត​ធ្វើ​ការ​វះ​កាត់​ឲ្យ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ពេល​ដែល​គាត់​មាន​អាយុ​៩២​ឆ្នាំ ហើយ​នៅ​តែ​ចាប់​ផ្តើម​ថ្ងៃ​នីមួយ​ៗ ដោយ​ការ​ញាំ​តែ​មួយ​ពែង និង​រៀន​ព្រះ​គម្ពីរ​ប៊ីប។ កាល​នោះ មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គាត់ ហើយ​គាត់​ក៏​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ថា គាត់​គ្រាន់​តែ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​ធម្មតា​ម្នាក់ ដែល​គ្រាន់​តែ​ធ្វើ​កិច្ចការ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​ធ្វើ។

ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ខ្ញុំ​បាន​រៀន​សូត្រ អំពី​ជីវិត​ដ៏​គួរ​ឲ្យ​កត់​សំគាល់​នេះ ព្រោះ​គាត់​បាន​ធ្វើ​ជា​គំរូ​ដ៏​មាន​អំណាច សម្រាប់​ខ្ញុំ​ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​រស់​នៅ តាម​របៀប​ដែល​នាំឲ្យ​​អ្នក​មិន​ជឿ ​អាច​មើល​ឃើញ​ការ​ល្អ​របស់​យើង ហើយ​ពោល​សរសើរ​ដល់​ព្រះ​(១ពេត្រុស ២:១២)។

អំណាច​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​បាន​ត្រាស់​ហៅ​យើង ចេញ​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ ចូល​ទៅ​ក្នុង​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ​(ខ.៩) ក៏​អាច​ធ្វើ​ឲ្យ​ការងារ ឬ​ផ្នែក​ណា​មួយ​នៃ​ការ​បម្រើ​របស់​យើង ក្លាយ​ជា​ទីបន្ទាល់​ដ៏​ល្អ នៃ​ជំនឿ​របស់​យើង។ ទោះ​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​បំណង​ចិត្ត ឬ​ជំនាញ សម្រាប់​ធ្វើ​ការ​អ្វី​ក៏​ដោយ ចូរ​យើង​ធ្វើ តាម​របៀប​ដែល​នាំ​ឲ្យ​គេ​ងាក​មក​រក​ព្រះ​អង្គ ហើយ​នាំ​ឲ្យ​កិច្ចការ​ទាំង​នោះ​មាន​ន័យ និង​មាន​គោល​បំណង។—Lisa M. Samra