មានពេលមួយ ខ្ញុំបានសិក្សាអំពីអ្នកស្រី ខាត់ធ័ររីន ហាំលីន (Catherine Hamlin) ដែលជាគ្រូពេទ្យវះកាត់សញ្ជាតិអូស្រ្តាលី ដ៏គួរឲ្យកត់សំគាល់ ពេលដែលខ្ញុំបានអានដំណឹងមរណៈភាពរបស់គាត់ ដែលបានចុះផ្សាយតាមសារព័ត៌មាន។ កាលអ្នកស្រីខាត់ធ័ររីន និងស្វាមីគាត់ នៅប្រទេសអេធីយ៉ូពី ពួកគេបានបង្កើតមន្ទីរពេទ្យដំបូងគេ ដែលបើកព្យាបាលតែស្រ្តី ដែលបានទទួលរងរបួសផ្លូវកាយ និងផ្លូវអារម្មណ៍ ដោយសាររបួសក្រោយពេលសម្រាលកូន ដែលកើតមានជាធម្មតា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គេបានទទួលស្គាល់ថា អ្នកស្រីខាត់ធ័ររីនបានមើលការខុសត្រូវ មកលើការព្យាបាលស្រ្តីជាង៦ម៉ឺននាក់។
គាត់នៅតែបន្តធ្វើការវះកាត់ឲ្យអ្នកជំងឺនៅមន្ទីរពេទ្យ ពេលដែលគាត់មានអាយុ៩២ឆ្នាំ ហើយនៅតែចាប់ផ្តើមថ្ងៃនីមួយៗ ដោយការញាំតែមួយពែង និងរៀនព្រះគម្ពីរប៊ីប។ កាលនោះ មានមនុស្សជាច្រើនមានការងឿងឆ្ងល់ចំពោះគាត់ ហើយគាត់ក៏បានឆ្លើយសំណួររបស់ពួកគេថា គាត់គ្រាន់តែជាអ្នកជឿព្រះយេស៊ូវធម្មតាម្នាក់ ដែលគ្រាន់តែធ្វើកិច្ចការ ដែលព្រះបានប្រទានឲ្យគាត់ធ្វើ។
ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលខ្ញុំបានរៀនសូត្រ អំពីជីវិតដ៏គួរឲ្យកត់សំគាល់នេះ ព្រោះគាត់បានធ្វើជាគំរូដ៏មានអំណាច សម្រាប់ខ្ញុំ គឺដូចដែលព្រះគម្ពីរប៊ីបបានលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យរស់នៅ តាមរបៀបដែលនាំឲ្យអ្នកមិនជឿ អាចមើលឃើញការល្អរបស់យើង ហើយពោលសរសើរដល់ព្រះ(១ពេត្រុស ២:១២)។
អំណាចនៃព្រះវិញ្ញាណរបស់ព្រះ ដែលបានត្រាស់ហៅយើង ចេញពីភាពងងឹតខាងវិញ្ញាណ ចូលទៅក្នុងការប្រកបជាមួយព្រះអង្គ(ខ.៩) ក៏អាចធ្វើឲ្យការងារ ឬផ្នែកណាមួយនៃការបម្រើរបស់យើង ក្លាយជាទីបន្ទាល់ដ៏ល្អ នៃជំនឿរបស់យើង។ ទោះព្រះទ្រង់បានប្រទានឲ្យយើងមានបំណងចិត្ត ឬជំនាញ សម្រាប់ធ្វើការអ្វីក៏ដោយ ចូរយើងធ្វើ តាមរបៀបដែលនាំឲ្យគេងាកមករកព្រះអង្គ ហើយនាំឲ្យកិច្ចការទាំងនោះមានន័យ និងមានគោលបំណង។—Lisa M. Samra