មានពេលមួយខ្ញុំបានលត់ជង្គង់ចុះ ហើយទឹកភ្នែកក៏បានស្រក់នៅលើកម្រាលឥដ្ឋ។ ខ្ញុំក៏បានស្រែកយំថា “ព្រះអង្គអើយ ហេតុអ្វីព្រះអង្គមិនថែរក្សាទូលបង្គំ? ក្នុងអំឡុងពេលដែលជំងឺកូវីត១៩ កំពុងរាតត្បាត ក្នុងឆ្នាំ២០២០ ខ្ញុំបានបាត់បង់ការងារធ្វើ អស់រយៈពេលជិត១ខែ ហើយពាក្យសុំធ្វើការរបស់ខ្ញុំក៏មានបញ្ហាទៀត។ ខ្ញុំមិនទាន់បានទទួលប្រាក់ចំណូលទាល់តែសោះ ហើយប្រាក់ឧបត្ថម្ភ ដែលរដ្ឋាភិបាលអាមេរិក បានសន្យាផ្តល់ឲ្យ ក៏មិនទាន់បានមកដល់។ ក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំជឿថា ព្រះទ្រង់នឹងធ្វើអ្វីម្យ៉ាងសម្រាប់ខ្ញុំ។ ខ្ញុំជឿថា ព្រះអង្គពិតជាស្រឡាញ់ខ្ញុំ ហើយនឹងថែរក្សាខ្ញុំ តែក្នុងពេលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជាបានបោះបង់ខ្ញុំចោល។
កណ្ឌគម្ពីរបរិទេវបានរំឭកយើងថា ការពោលទំនួញទៅរកព្រះអង្គ គឺមិនមែនជាទង្វើខុសឆ្គងនោះទេ។ កណ្ឌគម្ពីរនេះទំនងជាត្រូវបាននិពន្ធ ក្នុងអំឡុងសម័យ ឬនៅក្រោយសម័យដែលចក្រភពបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិម នៅឆ្នាំ៥៨៧ មុនគ្រីស្ទសករាជ។ បទគម្ពីរនេះបានពិពណ៌នា អំពីទុក្ខវេទនា(៣:១,១៩) ការគាបសង្កត់(១:១៨) និងភាពអត់ឃ្លាន(២:២០ ៤:១០) ដែលប្រជាជនបានជួបប្រទះ។ តែក្នុងពាក់កណ្តាលនៃកណ្ឌនេះ អ្នកនិពន្ធក៏បាននឹកចាំ អំពីមូលហេតុដែលគាត់អាចមានក្តីសង្ឃឹម បានជាគាត់មានប្រសាសន៍ថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២២-២៣)។ ទោះអ្នកនិពន្ធកណ្ឌគម្ពីរនេះបានជួបភាពហិនវិនាសយ៉ាងណាក៏ដោយ គាត់បាននឹកចាំថា ព្រះអង្គនៅតែស្មោះត្រង់ជានិច្ច។
ជួនកាល យើងមានអារម្មណ៍ថា យើងពិបាកនឹងជឿថា “ទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់”(ខ.២៥) ជាពិសេស នៅពេលដែលទុក្ខវេទនារបស់យើងហាក់ដូចជាមិនស្រាក់ស្រានសោះ។ ប៉ុន្តែ យើងអាចស្រែករកព្រះអង្គ ដោយទុកចិត្តថា ព្រះអង្គស្តាប់ឮយើង ហើយព្រះអង្គនឹងចម្លងយើងឲ្យផុតសេចក្តីទុក្ខនោះ ដោយព្រះទ័យស្មោះត្រង់។—Julie Schwab