មាន​ពេល​មួយ​ខ្ញុំ​បាន​លត់​ជង្គង់​ចុះ ហើយ​ទឹក​ភ្នែក​ក៏​បាន​ស្រក់​នៅ​លើ​កម្រាល​ឥដ្ឋ។ ខ្ញុំ​ក៏​បាន​ស្រែក​យំ​ថា “ព្រះអង្គ​អើយ ហេតុ​អ្វី​ព្រះអង្គ​មិន​ថែរក្សា​​ទូល​បង្គំ? ​ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​កូវីត១៩ កំពុង​រាត​ត្បាត ក្នុង​ឆ្នាំ​២០២០ ខ្ញុំ​បាន​បាត់​បង់​ការងារ​ធ្វើ អស់​រយៈ​ពេល​ជិត១​ខែ ហើយ​ពាក្យ​សុំ​ធ្វើ​ការ​របស់​ខ្ញុំ​ក៏​មាន​បញ្ហា​ទៀត។​ ខ្ញុំ​មិន​ទាន់​បាន​ទទួល​ប្រាក់​ចំណូល​ទាល់​តែ​សោះ ហើយ​ប្រាក់​ឧបត្ថម្ភ ​ដែល​រដ្ឋាភិបាល​អាមេរិក បាន​សន្យា​ផ្តល់​ឲ្យ ក៏​មិន​ទាន់​បាន​មក​ដល់។ ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ជឿ​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​ខ្ញុំ។ ខ្ញុំ​ជឿ​ថា ព្រះ​អង្គ​ពិត​ជា​ស្រឡាញ់​ខ្ញុំ ហើយ​នឹង​ថែរក្សា​ខ្ញុំ តែ​ក្នុង​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​បាន​បោះ​បង់​ខ្ញុំ​ចោល។

កណ្ឌ​គម្ពីរ​បរិទេវ​បាន​រំឭក​យើង​ថា ការ​ពោល​ទំនួញ​ទៅ​រក​ព្រះ​អង្គ គឺ​មិន​មែន​ជា​ទង្វើ​ខុស​ឆ្គង​នោះ​ទេ។ កណ្ឌ​គម្ពីរ​នេះ​ទំនង​ជា​ត្រូវ​បាន​និពន្ធ ក្នុង​អំឡុង​សម័យ ឬ​នៅ​ក្រោយ​សម័យ​ដែល​ចក្រ​ភព​បាប៊ីឡូន​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម នៅ​ឆ្នាំ​៥៨៧ មុន​គ្រីស្ទ​សករាជ។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា អំពី​ទុក្ខ​វេទនា(៣:១,១៩) ការ​គាប​សង្កត់​(១:១៨) និង​ភាព​អត់​ឃ្លាន​(២:២០ ៤:១០) ដែល​ប្រជា​ជន​បាន​ជួប​ប្រទះ។​ តែ​ក្នុង​ពាក់​កណ្តាល​នៃ​កណ្ឌ​នេះ អ្នក​និពន្ធ​ក៏​បាន​នឹក​ចាំ អំពី​មូល​ហេតុ​ដែល​គាត់​អាច​មាន​ក្តី​សង្ឃឹម បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(៣:២២-២៣)។ ទោះ​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​នេះ​បាន​ជួប​ភាព​ហិន​វិនាស​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​នឹក​ចាំ​ថា ព្រះ​អង្គ​នៅ​តែ​ស្មោះ​ត្រង់​ជា​និច្ច។

ជួន​កាល យើង​មាន​អារម្មណ៍​ថា យើង​ពិបាក​នឹង​ជឿ​ថា “ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់”(ខ.២៥) ជា​ពិសេស នៅ​ពេល​ដែល​ទុក្ខ​វេទនា​របស់​យើង​ហាក់​ដូច​ជា​មិន​ស្រាក់​ស្រាន​សោះ។ ប៉ុន្តែ យើង​អាច​ស្រែក​រក​ព្រះ​អង្គ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​ស្តាប់​ឮ​យើង ហើយ​ព្រះ​អង្គ​នឹង​ចម្លង​យើង​ឲ្យ​ផុត​សេចក្តី​ទុក្ខ​នោះ ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។​—Julie Schwab