កាល​ពី​ឆ្នាំ​១៩៨៣ ប៉ូលិស​បាន​ចាប់​ខ្លួន​ក្មេង​ជំទង់​៣​នាក់ ពី​បទ​មនុស្ស​ឃាត​មក​លើ​ក្មេង​អាយុ​១៤​ឆ្នាំ​ម្នាក់។ ព័ត៌មាន​បាន​ផ្សាយ​ថា ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ដោយសារ​តែ​គាត់​ពាក់​អាវ​កីឡា។ អ្នក​ទាំង​បី​ក៏​ត្រូវ​គេ​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគា​អស់​មួយ​ជីវិត។ បន្ទាប់​ពី​ពួកគេ​បាន​ជាប់​គុក​អស់​៣៦​ឆ្នាំ​ហើយ ភស្តុតាង​ក៏​បាន​លេច​ឡើង​មក បង្ហាញ​ថា ពួក​គេ​មិន​មែន​ជា​ឃាតករ​នោះ​ទេ។ តាម​ពិត បុរស​ម្នាក់​ទៀត​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ។ មុន​ពេល​ចៅ​ក្រម​សម្រេច​ដោះ​លែង​អ្នក​ទាំង​បី ឲ្យ​មាន​សេរីភាព ​គាត់​ក៏​បាន​សូម​ការ​អភ័យ​ទោស​ពី​ពួក​គេ។

ទោះ​យើង​ខិតខំ​ខ្លាំង​ប៉ុណ្ណា (ហើយ​ទោះ​មន្ត្រី​ប៉ូលិស​ធ្វើ​ការ​បាន​ល្អ​យ៉ាង​ណា) យុត្តិ​ធម៌​របស់​មនុស្ស ច្រើន​តែ​មាន​ការ​ខ្វះ​ចន្លោះ។​ យើង​មិន​ដែល​មាន​ព័ត៌មាន​គ្រប់​គ្រាន់។ ជួន​កាល មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ បាន​កែ​ប្រែ​ការ​ពិត និង​ធ្វើឲ្យ​ត្រូវ​ឲ្យ​ទៅ​ជា​ខុស។ ជួន​កាល យើង​ជា​អ្នក​ខុស។ ហើយ​ជា​ញឹក​ញាប់ ជួន​កាល គេ​ត្រូវ​រង់​ចាំ​ជា​ច្រើន​ឆ្នាំ ទំរាំ​តែ​ខុស ក្លាយ​ជា​ត្រូវ​វិញ បើ​សិន​ជា​យើង​នៅ​មាន​ជីវិត​ដល់​ពេល​នោះ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ខុស​ពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ព្រះអង្គ​តែង​តែ​ប្រទាន​យុត្តិធម៌​ដ៏​ឥត​ខ្ចោះ។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ថា “ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិធម៌”(ចោទិយកថា ៣២:៤)។

សម្រាប់​ព្រះ​អង្គ ត្រូវ​គឺ​ត្រូវ ខុស​គឺ​ខុស។ ព្រះ​អង្គ​នឹង​ជំនុំ​ជម្រះ​យើង តាម​អ្វី​ដែល​យើង​បាន​ធ្វើ។ យើង​មិន​ដឹង​ថា នៅ​ពេល​ណា ​តែ​យើង​មាន​ទំនុក​ចិត្ត ព្រោះ​យើង​បម្រើ “ព្រះ​ដ៏​ស្មោះត្រង់ ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់”(ខ.៤)។

យើង​ប្រហែល​មិន​ដឹង​ច្បាស់​ថា រឿង​ដែល​យើង​កំពុង​ជួប ត្រូវ​ឬ​ខុស។ យើង​ប្រហែល​ខ្លាច​ថា យើង​មិន​អាច​ស្វែង​រក​យុត្តិធម៌ សម្រាប់​ខ្លួន​យើង ឬ​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់។  ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​នៃ​សេចក្តី​យុត្តិធម៌ នឹង​ប្រទាន​យុត្តិ​ធម៌​មក​យើង នៅ​ថ្ងៃ​ណា​មួយ ក្នុង​ជីវិត​នេះ ឬ​បន្ទាប់​ពី​យើង​ស្លាប់​ទៅ។​—Winn Collier