កាលពីឆ្នាំ១៩៨៣ ប៉ូលិសបានចាប់ខ្លួនក្មេងជំទង់៣នាក់ ពីបទមនុស្សឃាតមកលើក្មេងអាយុ១៤ឆ្នាំម្នាក់។ ព័ត៌មានបានផ្សាយថា ក្មេងជំទង់ម្នាក់នោះ ត្រូវបានគេបាញ់សម្លាប់ ដោយសារតែគាត់ពាក់អាវកីឡា។ អ្នកទាំងបីក៏ត្រូវគេកាត់ទោស ឲ្យជាប់ពន្ធនាគាអស់មួយជីវិត។ បន្ទាប់ពីពួកគេបានជាប់គុកអស់៣៦ឆ្នាំហើយ ភស្តុតាងក៏បានលេចឡើងមក បង្ហាញថា ពួកគេមិនមែនជាឃាតករនោះទេ។ តាមពិត បុរសម្នាក់ទៀតបានប្រព្រឹត្តបទឧក្រិដ្ឋនេះ។ មុនពេលចៅក្រមសម្រេចដោះលែងអ្នកទាំងបី ឲ្យមានសេរីភាព គាត់ក៏បានសូមការអភ័យទោសពីពួកគេ។
ទោះយើងខិតខំខ្លាំងប៉ុណ្ណា (ហើយទោះមន្ត្រីប៉ូលិសធ្វើការបានល្អយ៉ាងណា) យុត្តិធម៌របស់មនុស្ស ច្រើនតែមានការខ្វះចន្លោះ។ យើងមិនដែលមានព័ត៌មានគ្រប់គ្រាន់។ ជួនកាល មនុស្សដែលមិនស្មោះត្រង់ បានកែប្រែការពិត និងធ្វើឲ្យត្រូវឲ្យទៅជាខុស។ ជួនកាល យើងជាអ្នកខុស។ ហើយជាញឹកញាប់ ជួនកាល គេត្រូវរង់ចាំជាច្រើនឆ្នាំ ទំរាំតែខុស ក្លាយជាត្រូវវិញ បើសិនជាយើងនៅមានជីវិតដល់ពេលនោះ។ តែអរព្រះគុណព្រះអង្គ ដែលខុសពីមនុស្សដែលមិនស្មោះត្រង់ ព្រះអង្គតែងតែប្រទានយុត្តិធម៌ដ៏ឥតខ្ចោះ។ គឺដូចដែលលោកម៉ូសេបានមានប្រសាសន៍ថា “ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌”(ចោទិយកថា ៣២:៤)។
សម្រាប់ព្រះអង្គ ត្រូវគឺត្រូវ ខុសគឺខុស។ ព្រះអង្គនឹងជំនុំជម្រះយើង តាមអ្វីដែលយើងបានធ្វើ។ យើងមិនដឹងថា នៅពេលណា តែយើងមានទំនុកចិត្ត ព្រោះយើងបម្រើ “ព្រះដ៏ស្មោះត្រង់ ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់”(ខ.៤)។
យើងប្រហែលមិនដឹងច្បាស់ថា រឿងដែលយើងកំពុងជួប ត្រូវឬខុស។ យើងប្រហែលខ្លាចថា យើងមិនអាចស្វែងរកយុត្តិធម៌ សម្រាប់ខ្លួនយើង ឬសម្រាប់មនុស្សជាទីស្រឡាញ់។ ប៉ុន្តែ យើងអាចទុកចិត្តថា ព្រះនៃសេចក្តីយុត្តិធម៌ នឹងប្រទានយុត្តិធម៌មកយើង នៅថ្ងៃណាមួយ ក្នុងជីវិតនេះ ឬបន្ទាប់ពីយើងស្លាប់ទៅ។—Winn Collier