លោករ៉ូជេលីយ៉ូ(Rogelio) បានធ្វើការ ជាអ្នករត់តុ ក្នុងអំឡុងពេលដែលខ្ញុំសម្រាកលំហែកាយជាមួយក្រុមគ្រួសារខ្ញុំ អស់រយៈពេលពេញមួយអាទិត្យ។ ពេលដែលយើងបានសន្ទនាជាមួយគាត់ គាត់បានអរព្រះគុណព្រះយេស៊ូវ ដែលបានប្រទានពរឲ្យគាត់មានអ្នកស្រីឃែលី(Kaly) ធ្វើជាប្រពន្ធដែលមានចិត្តឆេះឆួល និងមានជំនឿរឹងមាំ។ បន្ទាប់ពីពួកគេមានកូនដំបូង ព្រះទ្រង់ក៏បានប្រទានឲ្យពួកគេមានឱកាសថែរក្សាក្មួយស្រីរបស់ពួកគេ ដែលមានជំងឺពិការខួរក្បាល។
មិនយូរប៉ុន្មាន ម្តាយក្មេករបស់លោករ៉ូជេលីយ៉ូក៏ត្រូវការអ្នកថែទាំ ក្នុងពេលគាត់ចាស់ជរា។
លោករ៉ូជេលីយ៉ូក៏បានធ្វើការដោយក្តីអំណរ ដោយជាញឹកញាប់ គាត់បានធ្វើការនៅពេលយប់បន្ថែម ដើម្បីឲ្យភរិយាគាត់ អាចនៅផ្ទះថែទាំមនុស្សដែលព្រះទ្រង់បានប្រទានមក។ ខ្ញុំក៏បានចែកចាយ អំពីការដែលប្តីប្រពន្ធមួយគូរនេះ បានបណ្តាលចិត្តខ្ញុំឲ្យមានក្តីស្រឡាញ់កាន់តែខ្លាំង ដោយពួកគេបានបើកចំហចិត្ត និងផ្ទះ ដើម្បីបម្រើសមាជិកគ្រួសាររបស់ពួកគេ ហើយពេលនោះ គាត់ក៏បាននិយាយថា គាត់មានអំណរ ក្នុងការបម្រើពួកគេ និងក្រុមគ្រួសារខ្ញុំ។
ការរស់នៅរបស់លោក រ៉ូជែលីយ៉ូបានបញ្ជាក់ អំពីអំណាចនៃការរស់នៅ ដោយចិត្តសប្បុរស និងទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ ខណៈពេលដែលយើងបម្រើគ្នាទៅវិញទៅមក ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ សាវ័កប៉ុលបានជំរុញរាស្រ្តរបស់ព្រះ ឲ្យ ប្តូរផ្តាច់ចំពោះគ្នា … ឲ្យអរសប្បាយ ដោយមានសង្ឃឹម អត់ធន់ក្នុងសេចក្តីទុក្ខលំបាក ឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន ហើយផ្គត់ផ្គង់អ្នកដែលខ្វះខាត ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅ(រ៉ូម ១២:១០-១៣)។
ជីវិតយើងអាចផ្លាស់ប្តូរភ្លាមៗ ធ្វើឲ្យយើង ឬអ្នកដែលយើងស្រឡាញ់ជាប់នៅក្នុងកាលៈទេសៈ ដែលហាក់ដូចជាមិនអាចស៊ូទ្រាំបាន។ ប៉ុន្តែ ពេលណាយើងស្ម័គ្រចិត្តចែករំលែកអ្វីដែលព្រះបានប្រទានយើង ខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ នោះយើងអាចតោងឲ្យជាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ ទាំងអស់គ្នា។—Xochitl Dixon