បន្ទាប់ពីពលរដ្ឋម្នាក់ដែលកំពុងមានការព្រួយបារម្ភបានទូរស័ព្ទចូលលេខ៩១១ មន្រ្តីប៉ូលិសម្នាក់បានបើកឡាន អែបនឹងផ្លូវរថភ្លើង ដោយបើកភ្លើងបញ្ចាំងមើលទៅឆ្ងាយ ក្នុងពេលយប់ងងឹត ទាល់តែគាត់បានប្រទះឃើញរថយន្ត ដែលកំពុងជាប់នឹងផ្លូវរថភ្លើង។ កាំមីរ៉ានៅក្នុងឡានរបស់ប៉ូលិសនោះថតបានសកម្មភាពរថភ្លើងកំពុងបោះពួយយ៉ាងលឿនមករកឡាននោះ។ គាត់ថា រថភ្លើងនោះបើកលឿនណាស់ ប្រហែលល្បឿន១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គាត់ក៏បានប្រញាប់ទៅជួយគេ ដោយគ្មានការស្ទាក់ស្ទើរ ដោយចាប់ទាញបុរសម្នាក់ដែលកំពុងសន្លប់ ចេញពីក្នុងឡានដោយសុវត្ថិភាព ក្នុងរយៈពេលពីរបីវិនាទី មុនពេលរថភ្លើងបុកឡាននោះមួយទំហឹង។
ព្រះគម្ពីរប៊ីបបានបង្ហាញថា ព្រះទ្រង់ជាអ្នកជួយសង្រ្គោះ ជាពិសេស នៅពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់។ កាលពួកអ៊ីស្រាអែលកំពុងតែជាប់ចំណង ក្នុងទឹកដីអេស៊ីព្ទ និងមានភាពក្រៀមក្រោះ និងថប់ដង្ហើម ដោយសារការកៀបសង្កត់ ពួកគេមិនបានគិតថា ពួកគេអាចរត់គេចបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកណ្ឌគម្ពីរនិក្ខមនំ យើងឃើញថា ព្រះទ្រង់បានមានបន្ទូលលើកទឹកចិត្តពួកគេថា “អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្តីទុក្ខព្រួយរបស់គេ។ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ”(៣:៧,៨)។ ព្រះទ្រង់ក៏បានដឹកនាំពួកអ៊ីស្រាអែលចេញពីភាពជាទាសករ។ នេះជាការសង្រ្គោះមកពីព្រះដ៏ខ្ពស់។
ការសង្រ្គោះរបស់ព្រះអង្គ សម្រាប់ប្រជាជនអ៊ីស្រាអែល គឺបានបង្ហាញព្រះទ័យ និងអំណាចរបស់ព្រះ ដែលនឹងជួយយើងរាល់គ្នា នៅពេលដែលយើងត្រូវការជំនួយពីព្រះអង្គ។ ព្រះអង្គនឹងជួយយើង មិនឲ្យវិនាសឡើយ។ ទោះស្ថានភាពរបស់យើងហាក់ដូចជាទាល់ច្រក ឬមិនអាចមានសង្ឃឹម យើងអាចបើកភ្នែក និងចិត្តយើង មើលទៅព្រះដែលសព្វព្រះទ័យនឹងជួយសង្រ្គោះយើង។—Winn Collier