វេជ្ជបណ្ឌិតបានប្រាប់អ្នកស្រីរេបិកា(Rebecca) និងលោករូសស៊ែល(Russell)ថា ពួកគេមិនអាចមានកូនឡើយ។ ប៉ុន្តែ ព្រះទ្រង់មានគំនិតខុសពីនេះ ហើយ១០ឆ្នាំក្រោយមក អ្នកស្រីរេបិកាក៏មានផ្ទៃពោះ។ គរ៌របស់នាងមានសុខភាពល្អទេ ហើយពេលដែលស្បូនចាប់ផ្តើមកន្រ្តាក់ ប្តីប្រពន្ធមួយគូនេះក៏បានប្រញាប់ទៅមន្ទីរពេទ្យដោយចិត្តរំភើបរីករាយ។ ប៉ុន្តែ ការឆ្លងទន្លេក៏បានអូសបន្លាយពេលកាន់តែយូរ ហើយកាន់តែមានសភាពធ្ងន់ធ្ងរ ហើយរូបកាយរបស់អ្នកស្រីរេបិកានៅតែមិនអាចសម្រាលបុត្របាន។ ទីបំផុត គ្រូពេទ្យក៏បានប្រាប់គាត់ ឲ្យសម្រាលបុត្រ ដោយការវះកាត់។ ដោយការភ័យខ្លាច អ្នកស្រីរេបិការយំខ្សឹកខ្សួលសម្រាប់កូន និងខ្លួនឯង។ គ្រូពេទ្យក៏បានលើកទឹកចិត្តគាត់ ដោយស្រទន់ថា “ខ្ញុំនឹងខិតខំអស់ពីលទ្ធភាព តែយើងត្រូវតែអធិស្ឋានដល់ព្រះ ព្រោះព្រះអង្គអាចធ្វើលើសខ្ញុំទៀត”។ គ្រូពេទ្យក៏បានអធិស្ឋានជាមួយអ្នកស្រីរេបិកា ហើយ១៥នាទីក្រោយមក ប្រ៊ូស(Bruce) ក៏បានចាប់កំណើតជាទារក ដែលមានសុខភាពល្អ។
គ្រូពេទ្យដឹងថា គាត់ត្រូវពឹងផ្អែកលើអំណាចចេស្តាព្រះ។ គាត់ទទួលស្គាល់ថា ទោះគាត់មានការហ្វឹកហាត់ និងជំនាញក្នុងការវះកាត់ក៏ដោយ ក៏គាត់នៅតែត្រូវការប្រាជ្ញា កម្លាំង និងជំនួយមកពីព្រះ នាំដៃគាត់ឲ្យវះកាត់ដោយជោគជ័យ(ទំនុកដំកើង ១២១:១-២)។
យើងមានការលើកទឹកចិត្ត ពេលដែលបានឮ អំពីមនុស្សដែលស្ទាត់ជំនាញ ឬនរណាម្នាក់ ទទួលស្គាល់ថា ពួកគេត្រូវការព្រះអង្គ ព្រោះតាមពិត យើងរាល់គ្នាសុទ្ធតែត្រូវការព្រះអង្គ។ ព្រះអង្គជាព្រះ យើងមិនមែនជាព្រះទេ។ មានតែព្រះអង្គទេ ដែល អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី (អេភេសូរ ៣:២០)។ ចូរយើងមានចិត្តដែលបន្ទាបចុះ ដើម្បីរៀនសូត្រពីព្រះអង្គ ហើយទុកចិត្តព្រះអង្គ ដោយការអធិស្ឋាន “ព្រោះព្រះអង្គអាចធ្វើការអ្វី” ដែលយើងមិនអាចធ្វើបាន ។—Anne Cetas