តើអ្នកគិតថា សត្វដាយណូស័រមានរូបរាង្គដូចម្តេច កាលពួកវាមិនទាន់ផុតពូជ? មានធ្មេញធំៗ? មានស្រកាពេញខ្លួន? មានកន្ទុយវែងៗឬ? វិចិត្រករឈ្មោះ ឃែរិន ខារ(Karen Carr) បានគូរូបសត្វដែលបានផុតពូជទាំងនេះ នៅលើជញ្ជាំងធំៗ។ ក្នុងចំណោមផ្ទាំងគំនូរលើជញ្ជាំងរបស់គាត់ មានរូបមួយផ្ទាំង មានកម្ពស់ ៦ម៉ែត្រ និងប្រវែងជិត២០ម៉ែត្រ។ ដោយសាររូបនេះមានទំហំធំ នោះគេត្រូវការអ្នកជំនាញមួយក្រុម ដើម្បីផ្គុំបំបែករូបនោះចូលគ្នា នៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ ក្នុងតំបន់ស៊ែម ណូប៊ល អូក្លាហូម៉ា។
រូបដាយណូស័រនៅលើជញ្ជាំងនោះធំណាស់ បានជាអ្នកដែលឈរចំពីមុខវា មានអារម្មណ៍ថា ពួកគេមានរូបរាង្គតូចល្អិតណាស់។ ខ្ញុំក៏មានអារម្មណ៍ស្រដៀងនេះផងដែរ ពេលដែលខ្ញុំបានអានការពិពណ៌នារបស់ព្រះ អំពីសត្វដ៏មានអំណាចមួយ ដែលភាសាដើមមានឈ្មោះហៅថា “ប៊ីហ៊ីមុត”(យ៉ូប ៤០:១៥)។ សត្វដ៏ធំសំបើមនេះ ស៊ីស្មៅដូចគោ មានកន្ទុយធំដូចដើមឈើ។ ឆ្អឹងវារឹងមាំដូចដែក។ វាស៊ីអាហារដែលដុះតាមភ្នំ វាឈប់សម្រាកនៅក្រោមម្លប់ឈើ ក្នុងព្រៃលិចទឹក។ ពេលដែលទឹកជន់ឡើង វាមិនដែលភ័យព្រួយឡើយ។
តើនរណាអាចផ្សាំងសត្វដ៏អស្ចារ្យនេះបាន ក្រៅពីព្រះដែលបានបង្កើតវាមក(ខ.១៩)។ ត្រង់ចំណុចនេះ ព្រះទ្រង់បានរំឭកលោកយ៉ូប អំពីសេចក្តីពិតនេះ ក្នុងអំឡុងពេលដែលបញ្ហារបស់គាត់ បានគ្របដណ្តប់ជីវិតគាត់។ ការសោកសង្រេង ការភ័ន្តភាំង និងភាពនឿយណាយ បានធ្វើឲ្យការគិតរបស់គាត់មានភាពស្រពិចស្រពិល ទាល់តែគាត់បានទូលសួរព្រះ។ ប៉ុន្តែ ការឆ្លើយតបរបស់ព្រះអង្គបានជួយគាត់ ឲ្យដឹងអំពីទំហំពិតប្រាកដ នៃបញ្ហារបស់គាត់។ ព្រះទ្រង់ធំជាងបញ្ហារបស់គាត់ ហើយមានអំណាចខ្លាំងល្មមនឹងអាចដោះស្រាយបញ្ហា ដែលលោកយ៉ូបមិនអាចដោះស្រាយដោយខ្លួនឯងបាន។ នៅទីបំផុត លោកយ៉ូបក៏បានទទួលស្គាល់ថា គ្មានការអ្វីដែលព្រះអង្គមិនអាចធ្វើកើតនោះទេ(៤២:២)។—Jennifer Benson Schuldt