លោកប្រធានាធិបតី ហ្វ្រែងគ្លីន ដឺ រូសឺវែល(Franklin D. Roosevelt) ច្រើនតែស៊ូទ្រាំ នឹងការពិបាក នៅក្នុងការស្វាគមន៍ ភ្ញៀវម្តងម្នាក់ៗ ដែលកំពុងឈររង់ចាំជាជួរ នៅសេតវិមាន។ មានរឿងមួយបានដំណាលថា គាត់បានរអ៊ូរទាំថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ ចំពោះអ្វីដែលគាត់បាននិយាយទៅកាន់ពួកគេ ពេលគាត់ស្វាគមន៍ពួកគេម្តងម្នាក់ៗ។ ដូចនេះ គាត់ក៏បានសម្រេចចិត្តធ្វើការពិសោធន៍មួយ នៅក្នុងពិធីទទួលភ្ញៀវមួយ។ គាត់ក៏បានចាប់ដៃភ្ញៀវម្នាក់ៗ ដើម្បីស្វាគមន៍ពួកគេ ហើយនិយាយលេង ទៅកាន់ពួកគេម្តងម្នាក់ៗថា គាត់បានសម្លាប់ជីដូនរបស់គាត់ កាលពីពេលព្រឹកមិញ។ ភ្ញៀវទាំងឡាយក៏បានឆ្លើយតបយ៉ាងដូចនេះថា “ពិតជាគួរឲ្យស្ញប់ស្ញែងណាស់! សូមលោកបន្តធ្វើកិច្ចការដ៏ប្រពៃនេះទៀត។ សូមព្រះប្រទានពរលោកប្រធានាធិបតី”។ ទីបំផុតឯកអគ្គរាជទូតប្រទេសបូលីវី ដែលជាអ្នកចុងក្រោយគេ ក៏បានចាប់អារម្មណ៍ពាក្យសម្តីរបស់គាត់។ លោកឯកអគ្គរាជទូតក៏មានការភ័ន្តភាំង ហើយក៏បាននិយាយខ្សឹបៗថា “ខ្ញុំយល់ថា ជីដូនលោកប្រាកដជាមានទោសដែលសមនឹងស្លាប់ហើយ”។
តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកដទៃពិតជាស្តាប់អ្នកនិយាយឬអត់? ពុំនោះទេ តើអ្នកមានការបារម្ភថា ព្រះមិនស្តាប់ពាក្យអ្នកអធិស្ឋានឬទេ? តែយើងអាចដឹងថា គេកំពុងតែស្តាប់យើងនិយាយឬអត់ ផ្អែកទៅលើការឆ្លើយតប ឬរបៀបដែលពួកគេមើលមកយើង។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចដឹងថា ព្រះទ្រង់ពិតជាស្តាប់យើងអធិស្ឋាន? តើយើងគួរតែពឹងផ្អែកទៅលើអារម្មណ៍របស់យើងឬ? ឬផ្អែកទៅលើការឆ្លើយតបរបស់ព្រះ ចំពោះការអធិស្ឋានរបស់យើង?
បន្ទាប់ពីរាស្រ្តរបស់ព្រះត្រូវគេនិរទេស ទៅចក្រភពបាប៊ីឡូន ព្រះទ្រង់ក៏បានសន្យាថា នឹងនាំរាស្រ្តព្រះអង្គត្រឡប់មកទីក្រុងយេរូសាឡិមវិញ ហើយធានាចំពោះពេលអនាគតរបស់ពួកគេ(យេរេមា ២៩:១០-១១)។ ពេលដែលពួកគេស្រែករកព្រះអង្គ ព្រះអង្គស្តាប់ពួកគេ(ខ.១២)។ ពួកគេដឹងថា ព្រះអង្គស្តាប់ឮពួកគេអធិស្ឋាន ព្រោះព្រះអង្គសន្យាថា នឹងស្តាប់ពួកគេ។ ព្រះអង្គក៏ស្តាប់យើងផងដែរ(១យ៉ូហាន ៥:១៤)។ យើងមិនត្រូវពឹងផ្អែកលើអារម្មណ៍ ឬរង់ចាំទីសំគាល់ ដើម្បីឲ្យដឹងថា ព្រះទ្រង់ស្តាប់យើងអធិស្ឋាននោះឡើយ។ ព្រះអង្គបានសន្យាថា នឹងស្តាប់យើង ហើយព្រះអង្គតែងតែធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច(២កូរិនថូស ១:២០)។—Con Campbell