លោក​ប្រធានាធិបតី ហ្វ្រែងគ្លីន ដឺ រូសឺវែល(Franklin D. Roosevelt) ច្រើន​តែ​ស៊ូទ្រាំ នឹង​ការ​ពិបាក នៅ​ក្នុង​ការ​ស្វាគមន៍ ភ្ញៀវ​ម្តង​ម្នាក់​ៗ ដែល​កំពុង​ឈរ​រង់​ចាំ​ជា​ជួរ នៅ​សេតវិមាន។ មាន​រឿង​មួយ​បាន​ដំណាល​ថា គាត់​បាន​រអ៊ូរទាំ​ថា គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្វី​ដែល​គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ ពេល​គាត់​​ស្វាគមន៍​ពួក​គេ​ម្តង​ម្នាក់​ៗ។ ដូច​នេះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ពិសោធន៍​មួយ នៅ​ក្នុង​ពិធី​ទទួល​ភ្ញៀវ​មួយ។ គាត់​ក៏​បាន​ចាប់​ដៃ​ភ្ញៀវ​ម្នាក់​ៗ ដើម្បី​ស្វាគមន៍​ពួក​គេ ហើយ​និយាយ​លេង ទៅ​កាន់​ពួក​គេ​ម្តង​ម្នាក់​ៗ​ថា គាត់​បាន​សម្លាប់​ជី​ដូន​របស់​គាត់ កាល​ពី​ពេល​ព្រឹក​មិញ។​ ភ្ញៀវ​ទាំង​ឡាយ​ក៏​បាន​ឆ្លើយ​តប​យ៉ាង​ដូច​នេះ​ថា “ពិត​ជា​គួរ​ឲ្យ​ស្ញប់​ស្ញែង​ណាស់! សូម​លោក​បន្ត​ធ្វើ​កិច្ចការ​ដ៏​ប្រពៃ​នេះ​ទៀត។ សូម​ព្រះ​ប្រទាន​ពរ​លោក​ប្រធានាធិបតី”។​ ទី​បំផុត​ឯក​អគ្គ​រាជ​ទូត​ប្រទេស​បូលីវី ដែល​ជា​អ្នក​ចុង​ក្រោយ​គេ ក៏​បាន​ចាប់​អារម្មណ៍​ពាក្យ​សម្តី​របស់​គាត់។ លោក​ឯកអគ្គរាជទូត​ក៏​មាន​ការ​ភ័ន្ត​ភាំង ហើយ​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ខ្ញុំ​យល់​ថា ជី​ដូន​លោក​ប្រាកដ​ជា​មាន​ទោស​ដែល​សម​នឹង​ស្លាប់​ហើយ”។​

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​ដទៃ​ពិត​ជា​ស្តាប់​អ្នក​និយាយ​ឬ​អត់? ពុំ​នោះ​ទេ តើ​អ្នក​មាន​ការ​បារម្ភ​ថា ព្រះ​មិន​ស្តាប់​ពាក្យ​អ្នក​អធិស្ឋាន​ឬ​ទេ? តែ​យើង​​អាច​ដឹង​ថា គេ​កំពុង​តែ​ស្តាប់​យើង​និយាយ​ឬ​អត់ ផ្អែក​ទៅ​លើ​ការ​ឆ្លើយ​តប ឬ​របៀប​ដែល​ពួក​គេ​មើល​មក​យើង។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ពិត​ជា​ស្តាប់​យើង​អធិស្ឋាន? តើ​យើង​គួរ​តែ​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍​របស់​យើង​ឬ? ឬ​ផ្អែក​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​ព្រះ ចំពោះ​ការ​អធិស្ឋាន​របស់​យើង?

បន្ទាប់​ពី​រាស្រ្ត​របស់​ព្រះ​ត្រូវ​គេ​និរទេស ទៅ​ចក្រ​ភព​បាប៊ីឡូន ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា នឹង​នាំ​រាស្រ្ត​ព្រះ​អង្គ​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ ហើយ​ធានា​ចំពោះ​ពេល​អនាគត​របស់​ពួកគេ​(យេរេមា ២៩:១០-១១)។ ពេល​ដែល​ពួក​គេ​ស្រែក​រក​ព្រះ​អង្គ ព្រះ​អង្គ​ស្តាប់​ពួក​គេ​(ខ.១២)។ ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ស្តាប់​ឮ​ពួក​គេ​អធិស្ឋាន ព្រោះ​ព្រះ​អង្គ​សន្យា​ថា នឹង​ស្តាប់​ពួក​គេ។ ព្រះ​អង្គ​ក៏​ស្តាប់​យើង​ផង​ដែរ​(១យ៉ូហាន ៥:១៤)។ យើង​មិន​ត្រូវ​ពឹង​ផ្អែក​លើ​អារម្មណ៍ ឬ​រង់​ចាំ​ទី​សំគាល់ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​ស្តាប់​យើង​អធិស្ឋាន​នោះ​ឡើយ។ ព្រះ​អង្គ​បាន​សន្យា​ថា​ នឹង​ស្តាប់​យើង ហើយ​ព្រះ​អង្គ​តែង​តែ​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ជា​និច្ច​(២កូរិនថូស ១:២០)។—Con Campbell