ម៉ាថា(Martha)បាន​ធ្វើការ​ជា​ជំនួយ​ការ​គ្រូ​បង្រៀន នៅ​សាលា​បឋម​សិក្សា អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ។ រៀង​រាល់​ឆ្នាំ នាង​​បាន​សន្សំ​លុយ​ទិញ​អាវ​រងា កន្សែង​បង់​ក និង​ស្រោម​ដៃ​ថ្មី​ៗ សម្រាប់​សិស្ស​ដែល​ខ្វះ​ខាត ក្នុង​រដូវ​រងា។ បន្ទាប់​ពី​នាង​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជម្ងឺ​មហារីក​គ្រាប់​ឈាម យើង​ក៏​បាន​ធ្វើ​ពិធី​រំឭក​ដល់​ការ​បម្រើ​របស់​នាង កាល​នាង​នៅ​រស់។ ក្រៅ​ពី​ផ្កា​ជា​ច្រើន​ដែល​គេ​បាន​យក​មក​ឲ្យ មនុស្ស​ជា​ច្រើន​បាន​បរិច្ចាគ​អាវ​រងា​ថ្មី​ៗ​រាប់​រយ​អាវ ដល់​សិស្ស​ដែល​នាង​ធ្លាប់​ស្រឡាញ់ និង​បម្រើ​អស់​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។ មនុស្ស​ជា​ច្រើន​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​អ្នក​ស្រី​ម៉ាថា ដោយ​និយាយ​អំពី​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​បាន​ផ្តល់​ឲ្យ​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី​ល្អ​ៗ និង​អំពើ​សប្បុរស​ធម៌ តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់។ គ្រូ​បង្រៀន​ដែល​ជា​មិត្ត​រួម​ការងារ​របស់​នាង ក៏​បាន​ផ្តល់​ការ​គោរព​ដល់​នាង ដោយ​ធ្វើ​កម្ម​វិធី​ចែក​អាវរងា​ប្រចាំ​ឆ្នាំ អស់​រយៈ​ពេល​៣​ឆ្នាំ បន្ទាប់​ពី​នាង​បាន​លា​ចាក​លោក ទៅ​នៅ​ជា​មួយ​ព្រះ​អស់​កល្ប​ជានិច្ច។ កេរ​ដំណែល​នៃ​ភាព​សប្បុរស​របស់​គាត់ បាន​ជំរុញ​ចិត្ត​អ្នក​ដទៃ ឲ្យ​បម្រើ​អ្នក​ដែល​ខ្វះ​ខាត ដោយ​ចិត្ត​សប្បុរស​ផង​ដែរ។​

បទ​គម្ពីរ​កិច្ចការ ជំពូក៩ បាន​ចែង​អំពី​ស្រ្តី​ម្នាក់ ឈ្មោះ​តេប៊ីថា ដែល​តែង​តែ​ធ្វើ​ការ​ល្អ និង​ជួយ​អ្នក​ក្រីក្រ​(ខ.៣៦)។ បន្ទាប់​ពី​គាត់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ សហគមន៍​ដែល​កំពុង​សោក​សង្រេង ក៏​បាន​អង្វរ​សាវ័ក​ពេត្រុស​ឲ្យ​មក​រក​ពួក​គេ។ ក្រុម​ស្រ្តី​មេម៉ាយ​ក៏​បាន​បង្ហាញ​លោក​ពេត្រុស អំពី​របៀប​ដែល​អ្នក​ស្រី​តេប៊ីថា​បាន​រស់​នៅ ដើម្បី​បម្រើ​អ្នក​ដទៃ​(ខ.៣៩)។ លោក​ពេត្រុស​ក៏​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ចិត្ត​អាណិត ហើយ​អ្នក​ស្រី​តេប៊ីថា​ក៏​បាន​មាន​ជីវិត​រស់​ឡើង​វិញ។ ដំណឹង​អំពី​ការ​រស់​​ឡើង​វិញ​របស់​អ្នក​ស្រី​តេប៊ីថា​ក៏​បាន​ឮ​សុះ​សាយ ហើយ​មនុស្ស​ជា​ច្រើន​បាន​ទទួល​ជឿ​ព្រះ​អម្ចាស់(ខ.៤២)។ ប៉ុន្តែ គឺ​ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​ស្រី​តេប៊ីថា ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ទេ ដែល​បាន​ប៉ះពាល់​ចិត្ត​មនុស្ស​ជាច្រើន ក្នុង​សហគមន៍​របស់​គាត់ ហើយ​បាន​បង្ហាញ​អំណាច​នៃ​សេចក្តី​សប្បុរស ដែល​មាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់។—Xochitl Dixon